(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដែលត្រូវបានវាស់ស្ទង់ថាមានកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារខេត្តម៉ាលូគូ (Maluku) ស្ថិតនៅតំបន់ប៉ែកខាងកើតនៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ឬក៏សេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើងនៅក្នុងគ្រោះធម្មជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ចំណុចរញ្ជួយនៃគ្រោះរញ្ជួយដីខាងលើបានកើតមានឡើងនៅចម្ងាយ ១៨៤គីឡូម៉ែត្រភាគឦសាននៃខេត្តម៉ាលូគូ និងមានជម្រៅ ១៧៣ម៉ែត្រពីក្រោមបាតសមុទ្រ។ មន្រ្តីទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រផែនដីឥណ្ឌូណេស៊ីបានបញ្ជាក់ថា «ពួកយើងមិនបានចេញសារព្រមានពីរលកយក្សស៊ូណាមិ ក៏ព្រោះតែគ្រោះរញ្ជួយដីមួយនេះមិនមានគ្រោះថ្នាក់នោះទេ ដោយសារតែវាមានជម្រៅជ្រៅខ្លាំង»។
ទន្ទឹមនឹងនេះអ្នកនាំពាក្យទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងដែរថាមកទល់ពេលនេះពុំមានសេចក្តីរាយការណ៍ការខូចខាត ឬមួយក៏ជនរងគ្រោះឡើយ។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីមានទីតាំងភូមិសាស្រ្តនៅចំតំបន់ «The Pacific Ring of Fire» ដ៏គ្រោះថ្នាក់បំផុត ដែលជាហេតុធ្វើឲ្យប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះងាយ នឹងទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដី ហើយកាលពីដើមខែនេះមនុស្សមិនតិចជាង ១០០នាក់ឡើយបានបាត់បង់ជីវិតរួមនិងជាង ៧០០នាក់ផ្សេងទៀតបានទទួលរងរបួសក្រោយពេលគ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័របានអង្រួនខេត្តអាសេ (Aceh) ដែលស្ថិតនៅភាគខាងជើងនាចុងកោះស៊ូម៉ាត្រា ហើយកត្តាដែលបានបណ្តាលឲ្យមានជនរងគ្រោះច្រើនបែបនេះ ដោយសារតែគ្រោះរញ្ជួយដីនោះបានកើតឡើងនៅក្រោមដីផ្ទៃផ្ទាល់ និងមានជម្រៅរាក់ទៀតផង៕