(វ៉ាស៊ីនតោន)៖ អភិបាលនៃរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដ៏សំខាន់បំផុតស្តីពីការអនុញ្ញាតឲ្យ អ្នកជំងឺដែលមានអការរោគផ្លូវចិត្តធ្ងន់ធ្ងរ ឬក៏អសមត្ថភាពរាងកាយអាចធ្វើអត្តឃាតខ្លួនឯងបានដោយស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីព្រាងច្បាប់ដែលត្រូវបានចុះហត្ថលេខា និងបញ្ជូនទៅធ្វើការអនុម័តក្នុងសភាខាងលើនេះ នឹងមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ក្រុមគ្រូពេទ្យនឹងធ្វើអត្តឃាតទៅលើអ្នកជំងឺដែលត្រូវបានគ្រូពេទ្យជំនាញបញ្ជាក់ថាមានសង្ឃឹមរស់នៅយ៉ាងតិច ៦ខែទៀតប៉ុណ្ណោះ។អ្នកជំងឺទាំងអស់ដែលដឹងពីស្ថានភាពពិតរបស់ខ្លួន នឹងមានសិទ្ធិសម្រេចចិត្តរយៈពេលពីរសប្តាហ៍ នៅក្នុងការជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង ដូចជាការចាក់ថ្នាំ ឬក៏លេបថ្នាំជាដើម។
លោក Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោនបានចុះហត្ថលេខាលើសេចក្តីព្រាងខាងលើនេះកាលពីថ្ងៃអង្គារ ហើយនិងបានបញ្ជូលទៅកាន់រដ្ឋសភារួចរាល់ហើយ ដោយត្រូវរង់ចាំពេល ៣០ថ្ងៃក្នុងការអនុម័ត។ ទោះបីជាបែបនេះក្តីគេនៅមិនទាន់ប្រាកដច្បាស់នោះទេថា តើអង្គសភានឹងព្រមពៀងអនុម័តឲ្យច្បាប់ខាងលើនេះចេញជាធរមានដែរ ឬមួយក៏អត់នោះឡើយ។
គួរបញ្ជាក់ថាការបង្កើតចេញនូវសេចក្តីព្រាងច្បាប់ខាងលើនេះ គឺទីក្រុងវ៉ាស៊ីនតោនមានការគិតគូខ្ពស់ចំពោះសិទ្ធិ និងសេរីភាពនៃប្រជាជនរបស់ខ្លួន ដោយសូម្បីតែការស្លាប់ក៏ពួកគេត្រូវមានសិទ្ធិក្នុងការជ្រើសរើសផងដែរ ហើយវាពិតណាស់មនុស្សគ្រប់រូបចង់បានការស្លាប់ប្រកបដោយ សន្តិភាព និងផាសុខភាព។ ចាប់តាំងពីឆ្នាំ ១៩៩៨មកមានរដ្ឋមួយចំនួនមកហើយបានអនុវត្តន៍ច្បាប់ខាងលើនេះដូចជា អូរ៉េហ្គន, វ៉ាស៊ីនតោន, ខូឡូរ៉ាដូ, វើម៉ុនត៍ និងកាលីហ្វរញ៉ា ផងដែរ៕