(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសនៅថ្ងៃពុធនេះ ដោយបានដាក់បញ្ជាឲ្យហាមឃាត់ជាអចិន្ត្រៃយ៍នូវការបូមប្រេង និងឧស្ម័នផ្សេងៗនាពេលអនាគត នៅលើផ្ទៃទឹកនៃសមុទ្រអាក់ទិក និងតំបន់មួយចំនួនទៀតនៅមហាសមុទ្រអាត្លង់ទិក ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ មុនពេលដែលលោកត្រូវចាកចេញពីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
«នៅថ្ងៃនេះក្នុងភាពជាដៃគូជាមួយអ្នកជិតខាង និងមិត្តរបស់យើងនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិកកំពុងតែបោះជំហានជាប្រវត្តិសាស្រ្ត ដើម្បីកសាងតំបន់សេដ្ឋកិច្ចអាក់ទិកដ៏រឹងមាំ និងថែរក្សាឲ្យបានគង់វង្សនូវប្រព័ន្ធជីវៈចំរុះនៅតំបន់អាក់ទិកដ៏ល្អមួយ ក៏ដូចជាដើម្បីការពារផ្ទៃទឹកតំបន់អាក់ទិក ដែលងាយនឹងរងគ្រោះរបស់យើង ដោយរួមបញ្ចូលទាំងការចាត់ដែនទឹក តំបន់អាក់ទិកដ៏ធំធេង និងតំបន់មួយចំនួននៅមហាសមុទ្រអាត្លង់ទិក ចូលជាកន្លែងហាមឃាត់ជាអចិន្រ្តៃយ៍ ចំពោះការបូមប្រេងនិងឧស្ម័ន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
គួរបញ្ជាក់ថា ការបោះជំហានថ្មីដែលធ្វើឡើង ក្នុងគោលបំណងការពារប្រព័ន្ធជីវៈចំរុះដ៏មានតម្លៃ និងមិនអាចជំនួសបាននៃតំបន់ខាងលើ គឺជាសេចក្តីព្យាយាមចុងក្រោយរបស់ប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិរូបនេះ ដើម្បីការពារកេរ្តិ៍តំណែលបរិស្ថានរបស់លោក ហើយវាក៏អាចជាវិធីសាស្រ្តមួយផងដែរ ដើម្បីរារាំងអ្នកស្នងតំណែងរបស់លោក គឺប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលធ្លាប់បានសន្យាអំពីគោលនយោបាយ ដែលអនុញ្ញាតឲ្យមានការផលិតថាមពលច្រើនជាងមុននេះ មិនងាយនឹងផ្លាស់ប្តូរបញ្ជានេះឡើយ៕