(មូស្គូ)៖ យោងតាមសារព័ត៌មាន AFP បានរាយការណ៍ឲ្យដឹងនៅយប់ជ្រៅចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សាកសពអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី លោក Andreï Karlov ដែលត្រូវបានបាញ់សម្លាប់ នៅពេលនេះត្រូវបានដឹកតាមយន្តហោះដល់ប្រទេសរុស្ស៊ីហើយ។
ពាក់ព័ន្ធករណីបាញ់ប្រហារសម្លាប់អគ្គរដ្ឋទូតនេះ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសយ៉ាងខ្លំាងចំពោះការបាញ់សម្លាប់នេះ ហើយលោកថែមទាំងបានចាត់ទុកថា ការបាញ់ប្រហារនេះ គឺជាទង្វើភេរវកម្មមិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះវាមានចេតនាបំផ្លាញដល់ទំនាក់ទំនងរវាងរុស្ស៊ី-តួកគី រួមទាំងកិច្ចខិតប្រឹងប្រែងស្វែងរកសន្តិសភាពសម្រាប់ស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងកិច្ចប្រជុំជាបន្ទាន់ លោក ពូទីន បានប្រកាសថាលោកនឹងសងសឹក ក៏ដូចជាតាមប្រមាញ់អ្នកជាប់ពាក់ព័ន្ធ ឬក៏អ្នកបញ្ជានៅពីក្រោយខ្នងអំពើភេរវកម្មនេះ។ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែដឹងឱ្យបានថាអ្នកណាជាអ្នកបញ្ជានៅពីក្រោយខ្នង ត្បិតឃាតកម្មនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនាបង្ករឿង និងបំផ្លាញដល់ការស្ដារឡើងវិញ ទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ី រួមទាំងកិច្ចខិតប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់ស៊ីរី ហើយការឆ្លើយតបតែមួយគត់នោះគឺ ការបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ»។
គួរបញ្ជាក់ថា លោក ពូទីន បានបង្កើតគណៈកម្មាការស៊ើបអង្កេតមួយជុំវិញឃាតកម្មលើលោក Andreï Karlov ខណៈក្រុមប្រឹក្សាសន្តិសុខ UN, ប្រធានាធិបតីបារំាង, សហភាពអឺរ៉ុប, ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកជាច្រើនទៀត ក៏បានសម្ដែងមរណៈទុក្ខ និងថ្កោលទោសយ៉ាងខ្លំាងចំពោះអំពើឃាតកម្មនេះផងដែរ៕