(អន្តរជាតិ)៖ រំលឹកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ យុវជនម្នាក់វ័យ១៩ឆ្នាំ ដែលជាអ្នកស្នេហាជាតិម្នាក់ជនជាតិស៊ែប៊ី មានឈ្មោះថា Gavrilo Princip បានបាញ់ប្រហារទៅលើក្បួនរថយន្តរបស់ព្រះម្ចាស់ Archduke Franz Ferdinand ដែលជារាជ្ជទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី (ក្នុងពេលនេះអូទ្រីស និងហុងគ្រីជាប្រទេសតែមួយ) ក្នុងទីក្រុង Sarajevo បណ្តាលឲ្យស្លាប់។
ក្នុងរយៈពេលមួយខែក្រោយមក បន្ទាប់ពីការការធ្វើឃាតនេះ ប្រតិកម្មប្រឆាំងជាប្រព័ន្ធបានកើតឡើង រហូតធ្វើឱ្យសង្គ្រាមលោកលើកទីមួយផ្ទុះឡើង ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់ ហើយទីបំផុតសង្គ្រាមលោកលើកទីពីរ និងជម្លោះជាច្រើនបានកើតមានជាបន្តរហូតមកដល់បច្ចុប្បន្ន ដោយទទួលឥទ្ធិពលដោយប្រយោលពីបញ្ហានេះ។
ក្នុងឆ្នាំ១៩១៤ ចក្រភពអូទ្រីសហុងគ្រី បានទាមទារកំទេចអង្គការភេវរកម្មក្នុងប្រទេស ស៊ែប៊ី។ ពួកស៊ែប៊ីមានក្តីបារម្ភបានស្នើរស្តេចត្សា របស់ប្រទេសរុស្ស៊ីជួយ។ ក្រោមជំនួយរបស់ប្រទេស រុស្ស៊ី ប្រទេសអូទ្រីសហុងគ្រី បានប្រកាសប្រឆាំងប្រទេស ស៊ែប៊ី ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីការឃាត។ បណ្តាប្រទេសផ្សេងទៀតយកគំរូតាម ដោយប្រកាសសង្គ្រាមដូចគ្នា ដោយគិតថា សង្គ្រាមនេះគ្រាន់តែមានរយៈពេលខ្លី និងទទួលបានជោគជ័យខ្ពស់។ ជាអកុសលអ្វីដែលពួកគេគិតគឺខុសទាំងស្រុង។
ដោយឡែកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ប៉ូលីសជនជាតិតួកគីម្នាក់ឈ្មោះ Mevlut Mert Altintas ដែលមានវ័យ២២ឆ្នាំ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេស តួកគីលោក Andrey Karlov ក្នុងសាលតាំងពិព័រណ៍។ ហេតុការណ៍នេះ ដូចគ្នាទៅហ្នឹងហេតុការណ៍កាលពីឆ្នាំ១៩១៤ ដោយសារ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពផុយស្រួយ ដោយសារភាពតានតឹង។ ចលនាជាតិនិយមកំពុងតែកើតឡើង និន្នាការនយោបាយកំពុងបង្ក ឱ្យមានការរំជើបរំជួលកើតឡើង។ របៀបរបបនៃគ្រប់គ្រងជំនាន់មុនកំពុងតែត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ។
* តើការធ្វើឃាតអគ្គរដ្ឋទូតរុស្ស៊ី អាចជាជំហានទៅរកសង្គ្រាមលោកដែរឬទេ?
រុស្ស៊ី និងតួកគី ធ្វើកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពតានតឹង, បច្ចុប្បន្នរដ្ឋាភិបាលរុស្ស៊ី និងតួកគី ធ្លាប់បានប្រកាសពីកិច្ចសហប្រតិបត្តិការយ៉ាងច្បាស់លាស់រៀងៗខ្លួន។ ភាគីទាំងពីរប្តេជ្ញាមិនវាយប្រហារគ្នាទៅវិញទៅមក។ ប្រទេសទាំងពីររួមគ្នារិះគន់ទៅលើភេវរករ និងព្យាយាមដោះស្រាយបញ្ហារួម និងប្តេជ្ញាក្នុងការបណ្តេញហេតុការណ៍ អាក្រក់នេះកុំឱ្យកើតឡើង។ យ៉ាងនេះក្តីបារម្មណ៍នៅតែងតែកើតមានឡើង។ អាវុធ ភេវរកម្ម ការប្រឆាំងគ្នាដោយពួកនិកាយខុសៗគ្នា របបជាតិនិយម កំពុងកើតឡើង ដោយសារស្ថានភាពក្នុងប្រទេស ស៊ីរី ដែលបានជះឥទ្ធិពលខ្លាំង ជាពិសេសនៅតាមបន្ទាត់ព្រំដែន និងតាមដែនសមុទ្រ។
អ្នកសម្លាប់លោកអគ្គរដ្ឋទូតនៅរដ្ឋធានី Ankara បានស្រែកថា «Allashu Akbar» ស្រដៀងគ្នានឹងពាក្យរបស់អារ៉ាប់ ដែលមានន័យថា «ព្រះជាម្ចាស់អស្ចារ្យ»។
ភាគីរុស្ស៊ី និងតួកគីបានប្រកាសថា ការធ្វើឃាតនេះមានបំណងចង់បំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឬប្រហែលដោយសារអ្នកធ្វើឃាតមានបំណង ចង់ទាក់ទាញ មនុស្សឱ្យចាប់ផ្តើមចាប់អារម្មណ៍ពីប្រទេស ស៊ីរី ក្នុងតំបន់ Aleepo ដែលនៅទីនោះ មានជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់។
* ហនីភ័យដ៏គួរឱ្យបារម្ភ
គ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហានេះ មិនគ្រាន់តែជាការសម្លាប់ និងការបង្កក្តីភ័យខា្លចប៉ុណ្ណោះទេ វាមានហនីភ័យខ្ពស់ជាងការរំពឹងទៅទៀត។ រឿងនេះជាការបង្ករអស្ថិរភាពកាន់តែតានតឹងឡើងជាលំដាប់ ខណៈដែលពិភពលោកកំពុងប្រឈមមុខដាក់គ្នា។ មនុស្សកំពុងបោះផ្កាភ្លើងទៅក្នុងបរិយាកាស ដែលពោរពេញដោយចំហេះនៃលទ្ធិជាតិនិយម និងរបបផ្តាច់ការ ហេតុនេះការសងសឹកគ្នាទៅវិញទៅមក ជាការដាក់សម្ពាធកាន់តែខ្លាំងទៅលើមេដឹកនាំ។
ក្នុងស្ថានភាពនេះ ពួកគេភេវរករប្រៀបបាននឹងកំពុងប្រជែងគ្នាដុតភ្លើងនៅតាមស្ថានីយ៍ប្រេងឥន្ទនៈ ខណៈដែលដីក្រាលពេញដោយប្រេង ដែលចាំតែភ្លើងដើម្បីឆាបឆេះឡើង។
ពាក់ព័ន្ធនឹងបញ្ហានេះ មនុស្សចាប់ផ្តើមបន្ទោសគ្នាទៅវិញទៅមក។ ប្រទេស តួកគីបន្ទោសទៅលើសត្រូវរបស់ប្រធានាធិបតី Erdogan លោក Fethullah Gulen(ម្ចាស់គម្រោងធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគី) ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ចំណែកមន្ត្រីជាន់ខ្ពស់រុស្ស៊ីបន្ទោសទៅលើសារព័ត៌មានលោកខាងលិចដែល បានដុតបញ្ឆេះការបាញ់ប្រហារនេះឡើង ខណៈដែលមួយចំនួនទៀតបែរជាបន្ទោសទៅលើអង្គការណាតូទៅវិញ។
ការពិតទៅស្ថានភាពបច្ចុប្បន្នកំពុងតែយ៉ាប់យឺនណាស់រួចទៅហើយ ស្ថិរភាពពិភពលោកកាន់តែស្តួងស្តើងទៅបន្តិចម្តងៗ។ នេះជាពេលវេលាដែលទាមទារមេដឹកនាំ ទាំងអស់ មានការពិចារណាខ្ពស់មុនពេលសម្រេចចិត្តធ្វើអ្វីមួយ។ ប៉ុន្តែតើប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Donald Trump អាចរក្សាឥរិយាបទល្អ និងប្រុងប្រយ័ត្នការបំពេញការងារបានដែរឬទេ? ក្នុងឆ្នាំ១៩១៤ សង្គ្រាមបានផ្ទុះឡើងដោយសារផ្សែងកំហឹងមួយកំសួល។ យើងគ្រាន់តែសង្ឃឹមថា នឹងមិនមានរឿងរ៉ាវអាក្រក់កើតឡើងជាថ្មីម្តងទៀតនោះទេ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា