(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារនេះបានចោទប្រកាន់ថា ក្រុមហ៊ុន Facebook បានផ្ដល់ដល់ខ្លួននូវព័ត៌មានក្លែងក្លាយ នៅអំឡុងពេលនៃការស៊ើបអង្កេត កាលពីឆ្នាំ២០១៤ ស្ដីពីការទិញសេវាកម្មនៃកម្មវិធីផ្ញើសារ WhatsApp។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមគណៈកម្មាការអឺរ៉ុប កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Facebook បានផ្ដល់ព័ត៌មានដល់អាជ្ញាធរអឺរ៉ុប ដោយអះអាងថា «ខ្លួននឹងមិនចាត់វិធានការ ផ្សារភ្ជាប់ដោយស្វ័យប្រវត្តិនោះទេ [...] នៃគណនីអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Facebook និងក្រុមហ៊ុន WhatAppp ក៏ប៉ុន្តែនៅទីបំផុតគំរោង ភ្ជាប់នេះត្រូវបានធ្វើឡើងនៅខែសីហា ឆ្នាំ២០១៦»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាការស៊ើបអង្កេតថ្មីនេះ នឹងមិនផ្ដល់ផលប៉ះពាល់ដល់ការ អនុញ្ញាតឱ្យប្រតិបត្តិការកាលពីឆ្នាំ២០១៤ នោះឡើយ។
សូមជំរាបថា ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចុងក្រោយគេ ដែលស្ថិតនៅក្រោមការស៊ើបអង្កេត របស់សហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុន Apple ដែលត្រូវជាប់ពិន័យបង់ប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ការរំលោភលើការបង់ពន្ធ៕