(តួកគី)៖ ឃាតកដែលបានសម្លាប់អគ្គរដ្ឋទូតរុស្ស៊ីលោក Andrei Karlov ត្រូវបានគេរកអត្តសញ្ញាណឃើញថា មានឈ្មោះ Mevlüt Mert Altıntaş មានអាយុ ២២ឆ្នាំ មកពីខេត្ត Aydin ប្រទេសតួកគី។ រូបគេបានចូលបម្រើការនៅក្នុងជួរនគរបាលរបស់តួកគី តាំងពីឆ្នាំ២០១៤ មកហើយក៏ត្រូវបានគេចោទថា មានការជាប់ពាក់ព័ន្ធទៅនឹងក្រុមបះបោរមួយនៅប្រទេសស៊ីរី ដែលមានឈ្មោះថា El-Nusra។ ក្រោយពេលបាញ់ភ្លាមនោះ រូបគេក៏បាននិយាយពាក្យស្លោករបស់ក្រុម El-Nusra ទៅកាន់ អ្នកដែលបានមកចូលនៅក្នុងការពិព័រណ៍រូបភាព នៅរដ្ឋធានីអង់ការ៉ានោះផងដែរ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់អភិបាលស្រុក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Erdogan ប្រធានាធិបតីតួកគីបាននិយាយាថា៖
«កាលពីយប់ម្សិលមិញ ខ្ញុំបានជួបជាមួយនឹងប្រធានាធិបតីប្រទេសរុស្ស៊ីគឺលោក Putin ហើយយើងទាំងពីរក៏បានពិភាក្សាពីរឿងរ៉ាវនៅក្នុងទីក្រុង Aleppo។ ភាគីរុស្ស៊ីថា ពួកគេនឹងបញ្ឈប់ ការវាយប្រហារតាមជើងអាកាសនៅត្រឹមម៉ោង១០យប់។ ពួកគេក៏ដាក់សំណើឲ្យមានការជម្លៀសចេញក្រុម El-Nusra ផងដែរ។ យើងបានផ្តល់មិត្ត របស់យើងនូវការណែនាំទាំងឡាយដែលចាំបាច់ទាក់ទងនឹងចំណុចនេះ។ យើងក៏បានមើលឃើញនូវការឯកភាពគ្នារវាងភាគីទាំងសងខាង ដោយសារយើងបានបំពេញកិច្ចការនេះដើម្បីឲ្យ El-Nusra ចាកចេញពីទីក្រុង Aleppo និងពាំនាំសន្តិភាពទៅកាន់ប្រជាជនដែលរស់នៅក្នុងទីក្រុង Aleppo។»
ករណីបាញ់ប្រហារនេះ គឺជារឿងសាំញ៉ាំមួយដែលគេលើកឡើងមកពិភាក្សាដោយបានលើកឡើងថា ក្រោយបាញ់ប្រហារ ក្រុម El-Nusra ហាក់ដូចជាមិនមែនជា ក្រុមបះបោរឯករាជ្យដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសស៊ីរីនោះទេ។ ក្រុមនេះប្រៀបដូចជាកំពុងស្ថិតនៅក្រោយឥទ្ធិពលរបស់អ្នកបញ្ជាពីបរទេសទៅវិញ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺមួយសប្តាហ៍មុនពេលឃាតកម្មនេះ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសតួកគី បានរងការគម្រាមកំហែងមួយដែលបណ្តាលឲ្យពួកគេ ធ្វើការស្នើសុំឲ្យមានការរឹតបន្តឹងផ្នែកសន្តិសុខ។ ចំណុចមួយទៀតគឺបណ្តាញសារព័ត៌មានគាំទ្ររដ្ឋាភិបាលដំបូងបានសរសេរថា ឃាតកជាជនសកម្មប្រយុទ្ធរបស់ El-Nusra តែក្រោយមកទៀតស្រាប់តែកែប្រែពាក្យសម្តីថា ឃាតកមកពីក្រុមផ្សេងទៅវិញ។
សារព័ត៌មានរុស្ស៊ី បានចេញផ្សាយនូវសំណួរមួយចំនួនដែលនាំឲ្យមានមន្ទិល ហើយគួរតែត្រូវបានបកស្រាយ៖
១៖ ហេតុអ្វីបានជាឃាតកតែម្នាក់ឯងដែលពុំមានចំណាប់ខ្មាំងនៅក្នុងដៃររូបនោះ ពុំត្រូវបានចាប់ខ្លួនទាំងរស់តែត្រូវបានសម្លាប់ទៅវិញ?
២៖ ហេតុអ្វីបានជារូបគេអាចនិយាយពាក្យស្លោកទាំងនោះអស់រយៈពេល ៣៣វិនាទីបាន? ហេតុអ្វីវីដេអូនៃសកម្មភាពទាំងមូលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញសារព័ត៌មានរបស់លោក Erdogan និងបណ្តាញសារព័ត៌មានគាំទ្ររដ្ឋាភិបាល?
៣៖ តើនរណាជាអ្នកថតវីដេអូនេះ ហើយតើវាអាចចូលទៅពេញលើប្រព័ន្ធអីនធឺណែតតាមណា ហើយនរណាជាអ្នកបង្ហោះវា?
៤៖ តើឃាតកអាចដឹងថា អគ្គរដ្ឋទូតរុស្ស៊ីនឹងទៅចូលរួមនៅក្នុងការតាំងពិព័រណ៍នេះតាមវិធីណា? នរណាជាអ្នកឃុបឃិតជាមួយឃាតក?
៥៖ ហេតុអ្វីពុំមានកម្លាំងសន្តិសុខបន្ថែមនៅក្នុង និងជុំវិញកន្លែងកើតហេតុ ទោះបីជាមានការគម្រាមកំហែងមួយសប្តាហ៍មុនក៏ដោយនោះ?
៦៖ នៅក្នុងវីដេអូឃើញថា មានកម្លាំងមន្ត្រីនគរបាលចរាចរណ៍មកជុំគ្នា ដើម្បីធ្វើការឆ្លើយតបទៅនឹងឃាតកម្មនេះ។ តែតើហេតុអ្វីពុំមាន ក្រុមកម្លាំងពិសេស ឬកម្លាំងប្រឆាំងអំពើភេរវកម្មនៅទីនោះទៅវិញ? តើមន្ត្រីជាន់ខ្ពស់រូបណាជាទទួលបន្ទុកការការពារសន្តិសុខសម្រាប់ការតាំងពិព័រណ៍នោះ?
៧៖ តើតួកគីពិតជាមិនអើពើ នឹងសំណើពីរុស្ស៊ីដើម្បីរឹតបណ្តឹងកម្លាំងសន្តិសុខ នៅក្នុងការតាំងពិព័រណ៍នោះមែនឬ?
៨៖ ហេតុអ្វីបានជាបណ្តាញសារព័ត៌មានគាំទ្ររដ្ឋាភិបាល ផ្លាស់ប្តូរពាក្យសម្តីរបស់ខ្លួនភ្លាមៗទៅវិញ?៕