(ញូដេលី)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់អាមេរិក Apple កំពុងពិភាក្សាគ្នាជាមួយរដ្ឋាភិបាលឥណ្ឌាអំពីការផលិតផលិតផលរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈក្រុមហ៊ុនក៏កំពុងព្យាយាមពង្រីកការលក់ និងវត្តមានរបស់ផលិតផល Apple នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានទីផ្សារអ្នកប្រើប្រាស់ទូរស័ព្ទដៃធំលំដាប់ទីពីរនៅលើពីភពលោក។ នេះបើតាមសម្តីមន្រ្តីរដ្ឋាភិបាលឥណ្ឌា ដែលត្រូវបានដកស្រង់និងចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងថា តាមរយៈលិខិតផ្ញើទៅកាន់រដ្ឋាភិបាលឥណ្ឌាកាលពីខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុនដ៏ធំដែលមានមូលដ្ឋាននៅក្នុងទីក្រុងគូប៉ឺទីណូ (Cuptertino) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកមួយនេះបានរៀបរាប់ពីគំរោងផលិតកម្មរបស់ខ្លួន និងបានស្នើសុំការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមអនុវត្តន៍ផែនការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។
ប្រសិនបើការផលិតផលិតផលដូចជាទូរស័ព្ទ iPhone ជាដើមនៅក្នុងប្រទេសឥណ្ឌាកើតមានឡើងមែននោះ វានឹងអនុញ្ញាតក្រុមហ៊ុន Apple ឲ្យបើកហាងផ្ទាល់ខ្លួនដើម្បីជួយកសាងកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសឥណ្ឌា ដែលជាកន្លែងទូរស័ព្ទ iPhone មានវត្តមានមិនដល់ ០២ភាគរយផងនៅក្នុងទីផ្សារទូរស័ព្ទដៃដ៏ធំមួយនេះ។
គួរបញ្ជាក់ថាខណៈពេលនេះអ្នកតំណាងរដ្ឋាភិបាលឥណ្ឌាពុំអាចទាក់ទង់បាន ដើម្បីផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ ខណៈអ្នកនាំពាក្យក្រុមហ៊ុន Apple ប្រចាំនៅប្រទេសឥណ្ឌាក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះការស្នើសុំឲ្យធ្វើការអធិប្បាយផងដែរ៕