(ហាណូយ)៖ គ្រោះរអិលបាក់ដីមួយ​បានកើតឡើង​នៅទីក្រុង Nha Trang នៃខេត្ត Khanh Hoa ភាគកណ្ដាលប្រទេសវៀតណាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ខណៈ១០នាក់​ផ្សេងទៀត​បានរងរបួស​រីឯផ្ទះ ២០ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

លោក Ngo Khac Thinh ជាអនុប្រធានការិយាល័យគ្រប់គ្រងទីក្រុង Nha Trang​ បានប្រាប់​សារព័ត៌មាន​នៅក្នុងស្រុកថា ផ្អែកលើព័ត៌មានបឋម​មនុស្សពីរនាក់បានស្លាប់ ចំណែកឯអ្នករងរបួសទាំង ១០នាក់កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកបើតាម ​ប្រធាននាយកដ្ឋាន​ពន្លត់អគ្គិភ័យ​ខេត្ត Khanh Hoa​ គឺលោក Nguyen Duc Quynh​ ជនរងគ្រោះទាំងពីរម្នាក់ជាមនុស្សចាស់ និងម្នាក់ទៀតជាក្មេងអាយុ០៤ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានស្លាប់បន្ទាប់ពីត្រូវ​ក្រុមអ្នកជួយសង្គ្រោះទាញចេញ​ផ្ទះបាក់បែកក្រោមគំនរដី។

គួរបញ្ជាក់ថារដ្ឋាភិបាលវៀតណាម​បានបញ្ជូនប៉ូលិស និងកងទ័ពរាប់រយនាក់ រួមទាំងយានយន្ដ​ជាច្រើន​គ្រឿងទៅកាន់តំបន់រងគ្រោះ​ដើម្បីធ្វើប្រតិបត្តិការជួយសង្រ្គោះ៕