(ប៉េកាំង)៖ រដ្ឋាភិបាលប៉េកាំងនាថ្ងៃអង្គារនេះបានប្រគល់កូននាវាមុជទឹក(Drone) ដែលនាវារបស់ខ្លួនបានឃាត់យកទុកនៅតំបន់សមុទ្រចិនខាងត្បូងនោះ ឲ្យទៅសហរដ្ឋអាមេរិកវិញហើយ។ នេះបើតាមក្រសួងការពារជាតិចិន ដែលត្រូវបានសារព័ត៌មានរុស្ស៊ី Sputnik ដកស្រង់សេចក្តីថ្លែងការណ៍ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ដែលបង្ហោះនៅលើគេហទំព័រផ្លូវការ របស់ក្រសួងការពារជាតិចិនបានបញ្ជាក់យ៉ាងដូច្នេះថា «ចិនជាមួយ និងសហរដ្ឋអាមេរិកបន្ទាប់ពីបានធ្វើការដោះដូរយោបល់គ្នាទៅវិញទៅម ប្រកបដោយភាពរួសរាយរាក់ទាក់នោះ បានបំពេញចប់សព្វគ្រប់អស់ហើយនូវកិច្ចការពាក់ព័ន្ធនឹងនីតិវិធីនៃការប្រគល់កូននាវាមុជទឹកគ្មានអ្នកបើកបរ(Drone) របស់អាមេរិកនៅថ្ងៃរសៀលថ្ងៃ២០ ខែធ្នូនេះ»។
ជុំវិញបញ្ហានេះដែរកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិចិនបានប្រកាសថាខ្លួនបានយល់ព្រមប្រគល់កូននាវាមុជទឹក(Drone) ឲ្យទៅទីក្រុងវ៉ាស៊ីនតោនវិញ នៅក្រោយមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថានាវាចម្បាំងរបស់ចិនបានរឹបអូស Drone នោះនៅក្នុងដែនទឹកអន្តរជាតិនៃតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ។
គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ នាវាសិក្សាពីមហាសមុទ្រឈ្មោះ USNS Bowditch របស់សហរដ្ឋអាមេរិកបានឈប់នៅចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រពីកំពង់ផែនៃឈូងសមុទ្រស៊ូប៊ិកក្នុងប្រទេសហ្វីលីពីន ដើម្បីចាំទទួលយកកូននាវាមុជទឹក (Drone) ចំនួនពីរគ្រឿងនៅពេលដែលនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសចិនបានចាប់យកកូននាវាមួយយកទៅបាត់ ដោយក្រោយមកក្រសួងការពារជាតិអាមេរិកបានទាមទារឲ្យមានការប្រគល់កូននាវានោះត្រឡប់មកវិញ៕