(សេអ៊ូល)៖ សត្វមាន់ និងសត្វទាជិត ២០លានក្បាលត្រូវបានគេសម្លាប់ចោលនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលជំងឺគ្រុនផ្តាសាយបក្សីដ៏កាចសាហាវ បានរីករាលដាលក្នុងកំរិតយ៉ាងឆាប់រហ័សជាទីបំផុតទៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមក្រសួងកសិកម្មកូរ៉េខាងត្បូង ចំនួនសត្វបក្សីចិញ្ចឹមដែលត្រូវបានសម្លាប់ចោលដោយសារការឆ្លងជំងឺគ្រុនផ្តាសាយបក្សីបានឈានដល់ ១៩.១១លានក្បាលហើយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីករណីដំបូងបំផុតនៅក្នុងឆ្នាំនេះត្រូវបានរាយការណ៍ថាបានផ្ទុះឡើង នៅឯកសិដ្ឋានមួយកន្លែងនៃទីក្រុងហែណាម (Haenam) ក្នុងខេត្តចូឡាខាងត្បូង (South Joella) ដែលស្ថិតតំបន់ប៉ែកនិរតីនៃផ្ទៃប្រទេសកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ។
ជាមួយគ្នានេះដែរតួលេខដែលទទួលបានពីក្រសួងខាងលើមានន័យថា សត្វមាន់និងសត្វទាប្រហែលជា ៦០០,០០០ក្បាលត្រូវបានសម្លាប់ចោលជារៀងរាល់ថ្ងៃ នៅរយៈពេលជាងមួយខែចុងក្រោយនេះ ហើយវាត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ដែលប្រការនេះបានកំណត់នូវការឆ្លងដ៏ឆាប់រហ័ស និងអាក្រក់ជាងគេបំផុតចាប់តាំងតែពីពេលសត្វបក្សីចិញ្ចឹមប្រមាណ ១៩.៣៧ក្បាលត្រូវបានកម្ទេចចោលនៅក្នុងរយៈពេល៦៦៩ថ្ងៃ កាលពីចន្លោះឆ្នាំ២០១៤និង២០១៥ ដោយសារតែជំងឺគ្រុនផ្តាសាយបក្សី។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនប្រទេសកូរ៉េខាងត្បូងប្រកាសអាសន្នកំរិតខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ ចំពោះការរីករាលដាលយ៉ាងលឿននេះនៃជំងឺគ្រុនផ្ដាសាយបក្សី ខណៈកសិដ្ឋានចំនួន ២០៤កន្លែងនៅទូទាំងប្រទេសត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺនេះ៕