(អង់ការ៉ា)៖ ប៉ូលិសតួកគីបានឱ្យដឹងថា បុរសប្រដាប់អាវុធម្នាក់ត្រូវបានឃាត់ខ្លួនភា្លមៗ អំឡុងពេលដែលរូបគេព្យាយាមសំរុកចូលក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងអង់ការ៉ា នៃប្រទេសតួកគី ហើយដែលការចាប់ខ្លួននេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ផ្សេងទៀតបានបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី លោក Andrey Karlov នៅក្នុងពិធីតាំងពីព័រណ៌រូបថត នៅទីក្រុងអង់ការ៉ា។ នេះបើតាមកាសែតតួកគី Daily Sabah ចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមកាសែត Daily Sabah ស្ថានភាពបានត្រឡប់ទៅរកភាពប្រក្រតីវិញហើយ ខណៈស្ថានទូតអាមេរិក បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ត្រូវស្ថិតនៅឱ្យឆ្ងាយពីបរិវេណស្ថានទូតរហូតដល់ថ្ងៃអង្គារនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយនៅឡើយទេពាក់ព័ន្ធជនសង្ស័យខាងលើ ហើយគេក៏នៅពុំទាន់អាចបញ្ជាក់បានដែរថា សកម្មភាពនេះអាចជាគំរោង ឬក៏មានជាប់ទាក់ទិននឹងការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី ឬយ៉ាងណានោះដែរ៕