(ញូដេលី)៖ បុរសចំនួនប្រាំនាក់ត្រូវបានកាត់ទោសប្រហារជីវិត ដោយតុលាការប្រទេសឥណ្ឌាពីបទពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកពីរគ្រាប់កាលពីឆ្នាំ២០១៣ នៅក្នុងទីក្រុង Hyderabad ហើយក្នុងចំណោមនោះក៏មានមេដឹកនាំរបស់ក្រុមឧក្រិដ្ឋជនអ៉ីស្លាមមួយក្រុម ដែលបានរងការចោទប្រកាន់ថាមានជាប់ទាក់ទងការវាយប្រហារនៅក្នុងប្រទេសឥណ្ឌាជាច្រើនលើកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
មេបញ្ជាការនៃអង្គភាពប្រឆាំងអំពើភេរវកម្ម នៃទីភ្នាក់ងារស៊ើបអង្កេតជាតិបានឲ្យដឹងថា ការផ្តន្ទាទោសកាលពីសប្តាហ៍មុននៃលោក Yasin Bhatkal ជាមេដឹករបស់ក្រុម Indian Mujahideen និងអ្នកនាក់ផ្សេងទៀតបានធ្វើការគូសចំណាំជាលើកទីមួយថាសមាជិករបស់ក្រុមមួយនេះ ត្រូវបានរកឃើញថាពិតជាមានទោសប្រាកដមែន។
គួររំលឹកថាគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះឡើង នៅក្នុងផ្សារមួយកន្លែងដែលកកកុញដោយមនុស្សម្នា នៅឯទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានផ្តាច់យកជីវិតមនុស្សមិនតិចជាង ១៧នាក់នោះឡើយ ខណៈបុរសជាមន្រ្តីប៉ូលិសម្នាក ដែលត្រូវបានគេចោទប្រកាន់ថា ជាមេខ្លោងធំនៅពីក្រោយខ្នងការវាយប្រហារនោះ មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ។
គួរបញ្ជាក់ដែរថាជារៀងរាល់ឆ្នាំ តុលាការប្រទេសឥណ្ឌាបានផ្តន្ទាទោសប្រហារជីវិតចំពោះមនុស្សជាច្រើននាក់ ប៉ុន្តែតែងតែមានការស្ទាក់ស្ទើរជាក្នុងការអនុវត្តន៍នូវការកាត់ទោសនេះ ហើយការផ្អាកជាបណ្តោះអាសន្ននូវការដាក់ទោសប្រហារជីវិតត្រូវបានបញ្ចប់ទៅកាលពីឆ្នាំ២០១២ នៅពេលដែលជនសកម្មប្រយុទ្ធម្នាក់ត្រូវបានប្រហារជីវិតដោយជាប់ពាក់ព័ន្ធនឹង ការវាយប្រហារមួយកាលពីឆ្នាំ២០០៨ នៅក្នុងទីក្រុង Mumbai៕