(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសយ៉ាងខ្លំាងចំពោះការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចំាទីក្រុងអង់ការ៉ា ប្រទេសតួកគី លោក Andreï Karlov ហើយលោកថែមទាំងបានចាត់ទុកថា ការបាញ់ប្រហារនេះ គឺជាទង្វើភេរវកម្មមិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះវាមានចេតនាបំផ្លាញដល់ទំនាក់ទំនងរវាងរុស្ស៊ី-តួកគី រួមទាំងកិច្ចខិតប្រឹងប្រែងស្វែងរកសន្តិសភាពសម្រាប់ស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងកិច្ចប្រជុំជាបន្ទាន់ លោក ពូទីន បានប្រកាសថាលោកនឹងសងសឹក ក៏ដូចជាតាមប្រមាញ់អ្នកជាប់ពាក់ព័ន្ធ ឬក៏អ្នកបញ្ជានៅពីក្រោយខ្នងអំពើភេរវកម្មនេះ។ លោក ពូទីន បានលើកឡើងថា «យើងត្រូវតែដឹងឱ្យបានថាអ្នកណាជាអ្នកបញ្ជានៅពីក្រោយខ្នង ត្បិតឃាតកម្មនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនាបង្ករឿង និងបំផ្លាញដល់ការស្ដារឡើងវិញ ទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ីរួមទាំងកិច្ចខិតប្រឹងប្រែងស្វែងរកសន្តិសភាពសម្រាប់ស៊ីរីហើយការឆ្លើយតបតែមួយគត់នោះគឺ ការបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ»។
គួរបញ្ជាក់ថាលោក ពូទីន បានបង្កើតគណៈកម្មាការស៊ើបអង្កេតមួយជុំវិញឃាតកម្មលើលោក Andreï Karlov ខណៈក្រុមប្រឹក្សាសន្តិសុខ UN, ប្រធានាធិបតីបារំាង, សហភាពអឺរ៉ុប, ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ, និងមេដឹកនាំពិភពលោកជាច្រើនទៀត ក៏បានសម្ដែងមរណៈទុក្ខ និងថ្កោលទោសយ៉ាងខ្លំាងចំពោះអំពើឃាតកម្មនេះផងដែរ៕