(អេក្វាឌ័រ)៖ គ្រោះមហន្តរាយរញ្ជួយដីកំរិត ៥.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងជើងប្រទេសអេក្វាឌ័រ បានបន្សល់ទុកមនុស្សពីរនាក់ស្លាប់ និង១៥នាក់ផ្សេងទៀតបានទទួលរងរបួសនៅថ្ងៃអង្គារនេះ ខណៈពេលដែលទ្រព្យសម្បត្តិជាច្រើនបានទទួលរងការខូចខាតច្រើនគួរសម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមលេខាធិការដ្ឋានការគ្រប់គ្រងហានិភ័យនៃប្រទេសអេក្វាឌ័រ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចំខេត្ត Esmeraldas ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរ Atacames នៅភាគខាងជើងប្រទេសជាប់ព្រំប្រទល់ជាមួយប្រទេសកូឡុំប៊ី នាវេលាម៉ោង២៖១១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងប្រទេសអេក្វាឌ័រ) និងមានជម្រៅ៥.២គីឡូម៉ែត្រ ហើយវាបានបណ្តាលឲ្យអគារប្រហែលជា១០ខ្នងដួលរលំ ខណៈ៦៥ខ្នងផ្សេងទៀតបានទទួលរងការខូចខាតធ្ងន់ធ្ងរ៕