(តួកគី)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ដែលត្រូវបានខ្មាន់កំាភ្លើងបាញ់ឱ្យរបួសធ្ងន់នៅអំឡុងពេលថ្លែងសុន្ទកថាក្នុងឱកាសចូលរួមទស្សនា ពិធីតាំងពិព័រណ៌រូបថតមួយនៅក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទ ម្សិលមិញបានស្លាប់ហើយ ប៉ុន្តែហេតុការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះមុននឹងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ត្រូវចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាស៊ីរី នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov អ្នកជំនាញរុស្ស៊ី លោក Koray Gurbuz បានកត់សម្គាល់ថា ការវាយប្រហារនេះមិនមែនជារឿងចៃដន្យនោះទេ ដោយលោកបានលើកឡើងដូច្នេះថា «រុស្ស៊ី តួកគី និងអ៊ីរ៉ង់ ពិតជាមានគោលបំណងពិតប្រាកដក្នុងការស្វែងរក សន្តិភាព សម្រាប់ស៊ីរីព្រមទាំងស្ថេរភាពនៅក្នុងតំបន់ ហើយកិច្ចប្រជុំនៅថ្ងៃស្អែក (ថ្ងៃអង្គារនេះ) ពិតជាមានសារៈសំខាន់ណាស់»។ លោក Gurbuz បន្តថា «ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងអង់ការ៉ា គឺមានគោលបំណងគម្រាម និងរារាំងដល់គំរោងសហការរវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ស្ដីពីប្រទេសស៊ីរី»។
ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា ការបាញ់ប្រហារនេះ ធ្វើឡើងក្នុងចេតនាបំផ្លាញដំណើរការសន្តិភាពសម្រាប់ស៊ីរី និងទំនាក់ទំនង រុស្ស៊ី-តួកគី។ «គ្មានអ្វីគួរឱ្យសង្ស័យនោះទេ! ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី គឺមានចេតនាបំផ្លាញការស្ដារទំនាក់ទំនងឡើងរវាងរុស្ស៊ី និងតួកគី រួមទំាងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពសម្រាប់ស៊ីរី»។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់សម្ដីរបស់លោក ពូទីន។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរតួកគី ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក Andrel Karlov មានឈ្មោះថា Mevlut Mert Altıntas អាយុ ២២ឆ្នាំ និងជាមន្ត្រីប៉ូលិសម្នាក់ដែលបានបញ្ចប់ការសិក្សាពីសាលាប៉ូលិស Izmir Police School។ ជាងនេះទៅទៀតនៅមុន និងក្រោយបើកការបាញ់ប្រហារ Altıntas បានស្រែកថា «កុំបំផ្លិចបំផ្លាញទីក្រុងអាឡេប៉ូ» និងឃ្លាមួយទៀតគឺ «Allahu Akbar» ដែលមានន័យថា «ព្រះជាម្ចាស់ធំបំផុត» បន្ទាប់មកជននេះក៏ត្រូវបានបាញ់សម្លាប់ ពេលធ្វើការបាញ់តដៃជាមួយសមត្ថកិច្ចនៅក្នុងហេតុការណ៍នោះ៕