(សេអ៊ូល)៖ មិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក ស្រី ផាក គឺនហេ ដែលជាបុគ្គលនៅចំកណ្តាលរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹត ដែលបាននាំឲ្យឈានដល់ការទម្លាក់លោកស្រី ផាក ចេញពីតំណែងនោះ បានបង្ហាញវត្តមាននៅសវនាការជាលើកដំបូង ហើយបានបដិសេធការចោទប្រកាន់ទាំងអស់ដែលបានលើកឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល (Choi Soon-sil) បានចូលសវនាការជាលើកទីមួយដែលធ្វើឡើងនៅតុលាការក្រុងសេអ៊ូល ហើយនេះក៏ជាលើកដំបូងផងដែរដែលលោកស្រីបានបង្ហាញខ្លូនជាសាធារណៈចាប់តាំងពីត្រូវបានកោះហៅដោយរដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីចុងខែតុលា កន្លងទៅបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទពុករលួយដែលមានជាប់ពាក់ព័ន្ធនឹងលោកស្រី ផាក និងមនុស្សជំនិតមួយចំនួនទៀត។
នៅក្នុងសវនាការលោកស្រី ឆយ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោកស្រី រួមមានការរំលោភសិទ្ធិអំណាច, ការបង្ខំឲ្យក្រុមហ៊ុនក្នុងស្រុកឲ្យបរិច្ចាគលុយជាច្រើនដើម្បីបង្កើតមូលនិធិមិនរោគប្រាក់កំរៃចំនួនពីរ, និងការធ្វើឲ្យលេចចេញនូវឯកសារសម្ងាត់របស់រដ្ឋាភិបាល។ លោក Lee Kyung-jae មេធាវីការពារក្តីរបស់លោកស្រី ឆយ បានលើកឡើងថា លោកស្រី ឆយ មិនបានរួមគំនិតជាមួយលោកស្រី ផាក គឺនហេ ឬក៏ជនជាប់ចោទដទៃទៀតនៅក្នុងសំណុំរឿងនេះឡើយ។
គួរបញ្ជាក់ថាអតីតជំនួយការរបស់លោកស្រី ផាក គឺនហេ ដែលត្រូវបានចោទប្រកាន់ពីបទដូចទៅនឹងស្រ្តី ឆយ ស៊ូនស៊ីល ដែរនោះមិនបានបង្ហាញវត្តមាននៅសវនាការលើកទីមួយនេះឡើយ ខណៈសវនាការបន្ទាប់ទៀតនឹងត្រូវធ្វើឡើងនាថ្ងៃ២៩ ខែធ្នូ៕