(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៣នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពីពួកគេទាំងនេះបានលាយសាប៊ូដុះខ្លួនជាមួយនឹងស្រាមានម៉ាកសញ្ញា «Boyarishnik» នៅឯទីក្រុងអៀគុត (Irkutsk) ស្ថិតនៅភាគខាងកើតនៃតំបន់ស៊ីបេរី។ នេះបើតាមសារព័ត៌មានរុស្ស៊ី TASS ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះដែរក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា «យោងតាមព័ត៌មានដែលយើងទទួលបាន មនុស្ស ៣៣នាក់ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ដោយសារពុលស្រា ខណៈមនុស្សជាង ៥៤នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯការស៊ើបអង្កេតកំពុងតែធ្វើឡើង»។ សម្រាប់ព័ត៌មានពីដំបូង គឺមនុស្សស្លាប់មានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ខណៈ ១៦នាក់ទៀតសម្រាកនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថាករណីពុលស្រាតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសរុស្ស៊ី ក៏ប៉ុន្តែករណីពុលស្រាខាងលើគឺបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាងគេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានបញ្ជាឲ្យគណរដ្ឋមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាពុលស្រា និងស៊ើបអង្កេតករណីនៃការលាយស្រា ជាមួយសារធាតុខុសបច្ចេកទេសខាងលើ៕