(សេអ៊ូល)៖ កងទ័ពជើងអាកាសនៃប្រទេសកូរ៉េខាងត្បូង បានធ្វើការបន្ថែមសមត្ថភាពទៅលើយន្តហោះចម្បាំងប្រភេទ F-16 ដោយបំពាក់នូវគ្រាប់បែក និងមីស៉ីលដែលអាចវាយប្រហារដល់មូលដ្ឋានក្រោមដីសំខាន់ៗរបស់កូរ៉េខាងជើង និងអាចបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សត្រូវនៅរយៈចម្ងាយដ៏ឆ្ងាយបានផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
ក្រោយការបង្កើនសមត្ថភាពចប់រួចរាល់ នឹងអនុញ្ញាតឲ្យយន្តហោះចម្បាំងរបស់ប្រទេសកូរ៉េខាងត្បូងបាញ់គ្រាប់មីស៉ីលប្រភេទ AIM-120 ដែលមានចម្ងាយពី ៥០ទៅ១៨០គីឡូម៉ែត្របាន ហើយកងយន្តហោះ F-16 ក៏នឹងបំពាក់នូវគ្រាប់បែក GBU-31 JDAM ដ៏ទំនើបដែលមាន សមត្ថភាពកម្ទេចមូលដ្ឋានយោធានៅក្រោមដី និងកាត់ផ្តាច់នូវការដឹកនាំរបស់កូរ៉េខាងជើងបាន នៅក្នុងហេតុការណ៍អាសន្នណាមួយផងដែរ។
គំរោង «The F-16 Peace Bridge Upgrade» ត្រូវបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ នៅពេលដែលកូរ៉េខាងត្បូងបានចុះហត្ថលេខាលើ កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin ដ៏ល្បីរបស់អាមេរិក ស្តីពីការបង្កើនសមត្ថភាពនៃយន្តហោះចម្បាំងជួរមុខ F-16 របស់ខ្លួន ហើយបើគិតចាប់តាំងពីខែតុលា ឆ្នាំ២០១៣មកយន្តហោះចម្បាំងសរុបចំនួន ៣០គ្រឿងត្រូវបានបង្កើនសមត្ថភាពបន្ថែម។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែធ្នូ ដើមសប្តាហ៍មុននេះប្រទេសកូរ៉េខាងជើង បានគំរាមថានឹងបើកការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុងសេអ៊ូលបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរួមគ្នាធ្វើសមយុទ្ធផ្លូវអាកាសប្រចាំឆ្នាំ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី០៥ ខែធ្នូ នៅចំពោះមុខការកើនឡើងនៃភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ៕