(ប៉េកាំង)៖ ក្រសួងការបរទេសចិនតាមរយៈអ្នកនាំពាក្យលោកស្រី Hua Chunying នៅថ្ងៃចន្ទនេះបាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថាបញ្ហារឹបអូសកូននាវាមុជទឹក(Drone) ស្រាវជ្រាវរបស់សហរដ្ឋអាមេរិក នៅឯសមុទ្រចិនខាងត្បូងកាលពីសប្ដាហ៍មុន អាចនឹងត្រូវបានដោះស្រាយដោយសមរម្យបន្ទាប់ពីក្រសួងការពារជាតិចិន គ្រោងនឹងប្រគល់កូននាវាមុជទឹកនេះទៅឱ្យទីក្រុងវ៉ាស៊ីនតោនវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នាវាល្បាតចិនបានរឹបអូសកូននាវាមុជទឹកគ្មានមនុស្សបើកឈ្មោះ UUV របស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែលជា ៩០គីឡូម៉ែត្រពីឈូងសមុទ្រស៊ូប៊ិក (Subic Bay) នៃប្រទេសហ្វីលីពីន។ ដោយឡែកជុំវិញបញ្ហានេះដែរប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានធ្វើសង្រ្គាមពាក្យសម្ដីជាមួយចិនសាជាថ្មីដោយលោកសរសេរនៅលើ Twitter ថា «ចិនបានលួចកូននាវាមុជទឹកស្រាវជ្រាវអាមេរិក នៅក្នុងតំបន់ដែនទឹកអន្តរជាតិ ហើយយើងគួរតែប្រាប់ទៅចិនថា យើងមិនត្រូវការរបស់ដែលពួកគេបានលួចត្រឡប់មកវិញនោះទេ ពោលគឺទុកឱ្យពួកគេរក្សាទុកកូននាវាមុជទឹកស្រាវជា្រវនេះចុះ»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញមួយចំនួន កូននាវាមុជទឹកស្រាវជ្រាវអាមេរិកដែលចិនបានរឹបអូស គឺជាផ្នែកមួយនៃប្រតិបត្តិការតាមដាន និងស៊ើបការណ៍របស់សហរដ្ឋអាមេរិកនៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែទីក្រុងប៉េកាំងហាក់ដូចជាមានបំណងបិទបាំងរឿងនេះ មិនចង់ឱ្យក្លាយទៅជារឿងធំ៕