(បាងកក)៖ អង្គការមូលនិធិការពារសត្វព្រៃពិភពលោក (WWF) បានឲ្យដឹងថា សត្វពស់ក្បាលពណ៌ឥន្ធនូមួយក្បាល និងសត្វបង្កួយមួយក្បាលមានរាងដូចនឹងសត្វនាគ គឺស្ថិតនៅក្នុងចំណោមពពួកសត្វនិងរុក្ខជាតិថ្មីទាំង១៦៣ប្រភេទដែលក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានរកឃើញនាពេលថ្មីៗនេះ នៅឯតំបន់ទន្លេមេគង្គ ហើយក្រុមអ្នកអភិរក្ស WWF បានបន្ថែមថា ការអភិវឌ្ឍដ៏ឆាប់រហ័សនៅក្នុងតំបន់ទន្លេមេគង្គដែលមានចាប់ពីទំនប់វារីអគ្គិសនីរហូតដល់អណ្តូងរ៉ែនោះ កំពុងតែបង្កការគំរាមកំហែងជាខ្លាំងដល់ជីវិតរស់នៅរបស់ពពួកសត្វ និងរុក្ខជាតិទាំងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
របកគំហើញថ្មីដែលត្រូវបានបោះពុម្ពផ្សាយក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទនេះ រួមមានទាំងសត្វតុកកែដែលមានស្បែកពណ៌ខៀវខ្ចីនៅក្នុងប្រទេសឡាវ និងពូជផ្លែចេកដ៏កម្រមួយប្រភេទរកឃើញនៅភាគខាងជើងប្រទេសថៃ ដែលកំពុងតែប្រឈមមុខខ្លាំងនឹងការជិតផុតពូជ ដោយសារតែការកើនឡើងនៃការបាត់បង់ព្រៃឈើ។
លោក ជីម្មី បូរ៉ាហ៍ (Jimmy Borah) ប្រធានគ្រប់គ្រងកម្មវិធីសត្វព្រៃនៃអង្គការ WWF នៅតំបន់ទន្លេមេគង្គបានឲ្យដឹងថា ប្រភេទសត្វ និងរុក្ខជាតិថ្មីដែលទើបតែត្រូវបានរកឃើញនៅក្នុងតំបន់ទន្លេមេគង្គ គឺជាការក្រើនរំលឹកមួយថា វានៅតែមានក្តីសង្ឃឹមជានិច្ចទោះបីជាអត្រានៃការផុតពូជកំពុងតែកើនឡើងនៅក្នុងកំរិតដ៏គ្រោះថ្នាក់មួយយ៉ាងណាក្តី ដោយលោក បូរ៉ាហ៍ បាននិយាយយ៉ាងដូច្នេះថា «តំបន់ទន្លេមេគង្គនៅតែបន្តក្រើនរំលឹកពួកយើងរហូតថា ពិភពលោកនេះនៅមានកន្លែងដ៏អស្ចារ្យដទៃៗផ្សេងទៀតជាច្រើនមិនទាន់ត្រូវបានរកឃើញ ដែលប្រការនេះបាននាំឆ្ពោះទៅរករបកគំហើញថ្មីៗ កើតមានឡើងជារៀងរាល់ឆ្នាំ ហើយវាពិតមានសំខាន់ជាទីបំផុតដែលយើងត្រូវរួមគ្នាការពារ ពពួកសត្វ និងរុក្ខជាតិទាំងនោះនៅមុនពេលពួកវាបាត់បង់ទៅ»។
គួរបញ្ជាក់ថារបាយការណ៍ឆ្នាំ២០១៦ មួយផ្សេងទៀតរបស់អង្គការ WWF បានរកឃើញថា រហូតដល់ឆ្នាំ២០២០ ចំនួនសត្វត្រី, សត្វបក្សី, សត្វឆ្អឹងកង, ថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ), និងសត្វល្មូន នឹងអាចថយចុះដល់ទៅពីរភាគបីនៅក្នុងរយៈពេលត្រឹមតែ ៥០ឆ្នាំប៉ុណ្ណោះ។ ម៉្យាងវិញទៀតតំបន់ទន្លេមេគង្គគឺជាជម្រករបស់ពពួកសត្វ និងរុក្ខជាតិមួយចំនួន ដែលប្រឈមនឹងការជិតផុតពូជខ្លាំងក្លាជាងគេនៅលើពិភពលោក ហើយតំបន់នេះក៏ជាកន្លែងជួញដូរសត្វព្រៃខុសច្បាប់ដ៏មមាញឹកបំផុតផងដែរ៕