(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា «យុទ្ធនាការនៃការខិតខំប្រឹងប្រែងធ្វើការងារ» របស់ខ្លួនបានឈានបញ្ចប់ទៅជាមួយនិងភាពជោគជ័យជាទីបំផុត ដោយទទួលលទ្ធផលលើសអ្វីដែលបានរំពឹងទុកនៅគ្រប់វិស័យដែលមានទាំងការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ការងើបឡើងវិញពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បួង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA គណៈកម្មាធិការកណ្តាលនៃគណបក្សកាន់អំណាចពលករកូរ៉េ បានប្រកាសអំពីការបញ្ចប់រួចរាល់នូវយុទ្ធនាការបញ្ជាក់ពីការស្មោះត្រង់ រយៈពេល ២០០ថ្ងៃដែលបានចាប់ផ្តើមកាលពីខែមិថុនា ហើយបានបញ្ចប់ទៅវិញកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះដោយបានចេញផ្សាយយ៉ាងដូច្នេះថា «យុទ្ធនាការនេះគឺជាសមរភូមិដ៏អស្ចារ្យមួយ សម្រាប់ការបង្កើតសេចក្តីខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនឯងជមុន និងជាវិធីសាស្រ្តដ៏ល្អប្រសើរបំផុតសម្រាប់ការបង្កើតល្បឿនរបស់សត្វឈ្មោះថា «ម៉ាល្លីម៉ា (Mallima)» ជាសត្វសេះស្រមើស្រមៃមួយក្បាលដែលអាចរត់បានចម្ងាយដ៏សែនឆ្ងាយនៅក្នុងល្បឿនដ៏លឿន»។
យុទ្ធនាការបង្ហាញពីការស្មោះត្រង់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការជំរុញប្រជាជនរបស់ខ្លួនឲ្យបង្កើនសង្វាក់ផលិតកម្មនៅក្នុងពេលវេលាកំណត់មួយ ហើយយុទ្ធនាការដែលមានរយៈពេល ២០០ថ្ងៃនេះបានបញ្ចប់ទៅមុនពេលកំណត់ ខណៈដែលវាត្រូវបញ្ចប់សព្វគ្រប់នៅថ្ងៃទី១៧ ខែធ្នួនេះ ដែលជាគំរប់ខួបប្រាំឆ្នាំ នៃការទទួលមរណភាព របស់អតីតមេដឹកនាំលោក គីម ជុងអ៉ីល ទៅវិញទេ។
គួរបញ្ជាក់ថានៅក្រោយការប្រជុំសមាជគណបក្សដ៏កម្រមួយកាលពីខែឧសភា កន្លងទៅប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមយុទ្ធនាការបង្ហាញពីការស្មោះត្រង់ក្នុងគោលបំណង អនុវត្តន៍នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំ ដែលត្រូវបានដាក់ចេញដោយប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន៕