(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងកំពុងដំណើរការការអភិវឌ្ឍយន្ដហោះគ្មានមនុស្សបើក (Drone) ដែលមានសមត្ថភាពខ្ពស់ក្នុងការស៊ើបការ និងអាចហោះហើរក្នុងរយៈចំងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
កាលពីសប្ដាហ៍មុនសា្ថនីយ៍ទូរទស្សន៍មជ្ឈិមកូរ៉េខាងជើង KCTV បានរាយការណ៍ថា យន្ដហោះ Drone ប្រភេទថ្មីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា KCTV មិនបានបង្ហាញពីរូបភាពពិតប្រាកដនៃយន្ដហោះ Drone នេះដែរ ដោយគ្រាន់តែអះអាងថាវាអាចហោះបានឆ្ងាយ និងមានសមត្ថភាពខ្ពស់ក្នុងការស៊ើបការណ៍ ឬអង្កេតតាមដានព្រមទាំងអាចចាប់សញ្ញាណភ្លើងឆេះព្រៃ ក៏ដូចជាអង្កេតលើតំបន់នេសាទជាដើម។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានយន្ដហោះស៊ើបការណ៍ប្រមាណជា ៣០០គ្រឿង និងយន្ដហោះ Drone ១០គ្រឿងដែលអាចបំពាក់អាវុធបាន ហើយមិនតែប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង ក៏កំពុងតែអភិវឌ្ឍយន្ដហោះ Drone របស់ខ្លួនផងដែរ សម្រាប់បម្រើការក្នុងវិស័យយោធាជាជាងក្នុងវិស័យឯកជន៕