(វិទ្យាសាស្រ្ត)៖ យោងតាមការស្រាវជ្រាវថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមបានឲ្យដឹងថា ប្រហោងខ្មៅ ឬ Black Hole ដ៏ធំមួយដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីរាងគូទខ្យងមួយ មានទំហំស្មើនឹងព្រះអាទិត្យរបស់យើងចំនួន ១៤០លានដង។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្ត្រ Science Daily ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០១៦។
ជាក់ស្តែងកាឡាក់ស៊ីជាច្រើនមានប្រហោងខ្មៅនៅចំកណ្តាលរបស់ពួកវា ដែលវាជាហេតុនាំឲ្យមានផលប៉ះពាល់ដល់ការវិវត្តន៍ របស់កាឡាក់ស៊ី។ ម្យ៉ាងវិញទៀតកាឡាក់ស៊ីឈ្មោះ NGC 1097 មានចំងាយ ៤៧លានឆ្នាំពន្លឺពីផែនដី ត្រូវបានគេឃើញមានប្រហោងខ្មៅដ៏ធំមួយនៅចំកណ្តាលវាដោយសារពន្លឺ នៃផ្កាយដែលស្ថិតនៅជុំវិញនោះ។
ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានធ្វើការស្រាវជ្រាវបន្ថែមទៅលើប្រហោងខ្មៅនេះ ដោយប្រើប្រាស់ ឧបករណ៍ពន្លឺ Atacama ដើម្បីវាស់ស្ទង់អំពីដែនទំនាញរបស់វា។ លទ្ធផលបានបង្ហាញឲ្យឃើញថា ប្រហោងខ្មៅ នេះមានទំហំធំជាងប្រហោងខ្មៅដែលនៅចំកណ្តាល កាឡាក់ស៊ីមៀលគីវេយ៍ របស់យើងឆ្ងាយណាស់។ គួរបញ្ជាក់នៅក្នុងកាឡាកស៊ីមៀលគីវេយ៍របស់យើងក៏មាន ប្រហោងខ្មៅរាប់លានផងដែរ ហើយទំហំតូចបំផុតគឺស្មើចាប់ពីបីដង នៃទំហំព្រះអាទិត្យយើងឡើងទៅ៕