(ព្រុចសែល)៖ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការ NATO-រុស្ស៊ី នៅថ្ងៃចន្ទនេះ អង្គការ NATO នឹងព្យាយាមពន្យល់ក៏ដូចជាធានាជាថ្មីម្ដងទៀតចំពោះទីក្រុងមូស្គូ ថាការដាក់ពង្រាយកងទ័ព និងបរិក្ខាយោធា នៅក្នុងតំបន់បាល់ទិច និងប្រទេសប៉ូឡូញនៅឆ្នាំក្រោយនេះ គឺជាវិធានការការពារសុទ្ធសាធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ទីក្រុងមូស្គូវត្តមានកងទ័ព និងបរិកា្ខយោធានៅក្បែរតំបន់ព្រំដែនរបស់ខ្លួន ជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ តួយ៉ាងអគ្គរដ្ឋទូតរុស្ស៊ីប្រចំាអង្គការ NATO លោក Alexander Grushko បានគូសបញ្ជាក់ថា «យើងពិតជាគិតគូរពីការពិភាក្សាគ្នាដោយស្មោះត្រង់ ស្ដីពីស្ថានភាពសន្តិសុខនៅអឺរ៉ុប.... បូករួមទាំងផលវិបាក ដែលកើតចេញពីការដាក់ពង្រាយកងទ័ព និងបរិក្ខាយោធារបស់អង្គការ NATO នៅតំបន់អឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ី»។
ទោះជាយ៉ាងនេះក្ដីសម្ព័ន្ធមិត្តអង្គការ NATO ដូចជាអាល្លឺម៉ង់ នឹងព្យាយាមពន្យល់លោក Grushko ថាតើហេតុអ្វីបានជាអង្គការ NATO ត្រូវដាក់ពង្រាយកងទ័ព ៤,០០០នាក់ នៅតាមបណ្ដាប្រទេសជាប់របងជាមួយរុស្ស៊ីដូចជា អេស្ដូនី, លីតតូនី, លីតទុយអានី, និងប៉ូឡូញ នៅដើមឆ្នាំ២០១៧ខាងមុខនេះ។
គួររំលឹកថាទំនាក់ទំនងរវាងអង្គការ NATO និងរុស្ស៊ី បានស្គាល់ភាពតានតឹងនៅឆ្នាំ២០១៤ បន្ទាប់ពីជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែនផ្ទុះឡើង ហើយកាន់តែមើលមុខគ្នាលែងចំក្រោយពេលដែលរុស្ស៊ីពង្រីកឥទ្ធិពលនៅតំបន់គ្រីមៀ តាមរយៈការបង្កើតតំបន់ឧបសម្ព័ន្ធគ្រីមមៀ។ យ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្ដូលធិនបឺគ បានអះអាងថា NATO គ្មានបំណងបង្កជម្លោះ ឬក៏សង្រ្គាមត្រជាក់ជាមួយរុស្ស៊ីនោះឡើយ៕