(អាមេរិក)៖ ចាំបាននូវសារព្រមានរបស់លោក សាដដាំ ហ៊ូស្សេន អតីតមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តធ្វើការវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់លោក និងបានកាត់ទោសរូបលោកដោយព្យួរកចំពោះមុខអន្តរជាតិ កាលពីឆ្នាំ២០០៣ នោះធ្លាប់បានព្រមានថា សហរដ្ឋអាមេរិក គ្មានលទ្ធភាពក្នុងការគ្រប់គ្រងប្រភេទអ៊ីរ៉ាក់នោះឡើយ ព្រោះអាមេរិកមិនយល់ទឹកចិត្តនៃជនជាតិអារ៉ាប់។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Sky News នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
តាមពិតទៅលោក សាដដាំ ធ្លាប់បានដឹកនាំប្រទេសអ៊ីរ៉ាក់ ប្រកបដោយភាពរីកចំរើនខាងផ្នែកសេដ្ឋកិច្ចអស់រយៈកាលជាង ២០ឆ្នាំ ហើយនៅមុនការដួលរលំនោះលោក សាដាំ ធ្លាប់បានលើកឡើងឆ្លើយតបទៅនឹងចេតនារបស់លោកខាងលិច ក្នុងការសង្គ្រប់គ្រប់គ្រងប្រទេសអ៊ីរ៉ាក់ យ៉ាងដូច្នេះថា «អ្នកឯងកំពុងតែដើរទៅរកសេចក្តីវិនាសហើយ។ អ្នកនឹងដឹងថា វាមិនមែនជារឿងងាយនោះឡើយ នៅក្នុងការដឹកនាំប្រទេសអ៊ីរ៉ាក់។ អ្នកនឹងបរាជ័យ ព្រោះអ្នកមិនស្គាល់ភាសាអារ៉ាប់, ប្រវត្តិសាស្ត្រ, និង ការមិនយល់ដឹងអំពីទឹកចិត្តនៃប្រជាជនអារ៉ាប់»។
ជុំវិញបញ្ហានេះលោក Nixon អ្នកវិភាគជាន់ខ្ពស់ ដែលធ្វើការរួមគ្នាជាមួយនិងស្ថាប័ន CIA របស់សហរដ្ឋអាមេរិកក៏បានសរសេរសៀវភៅមួយដែរ ស្តីអំពីរឿងរ៉ាវទាក់ទងនឹងលោក សាដដាំ ហ៊ូស្សេន និងសង្គ្រាមរបស់អាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ លោក Nixon ក៏បានដកស្រង់មតិរបស់ប្រជាជនអាមេរិកមួយចំនួនផងដែរ ដែលពួកគេបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា សង្គ្រាមប្រមាញ់ សាដដាំ ដែលចាប់ផ្តើមឡើងកាលពីខែមីនា ឆ្នាំ២០០៣ នោះជារឿងខុស។
សៀវភៅរបស់ Nixon ក៏បានបញ្ជាក់ទៀត លោក សាដដាំ បានគ្រប់គ្រងអ៊ីរ៉ាក់ប្រកបដោយឥទ្ធិពល នៅក្នុងការគ្រប់គ្រងក្រុមជ្រុលនិយមអ៊ីស្លាម នៅក្នុងប្រទេស ដែលក្រោយពីការដួលរលំនោះពួកគេបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតដល់ក្លាយជាក្រុម ISIS។ បន្ថែមពីនេះទៀត លោក សាដដាំ ក៏នឹងតែរក្សាជំហរយ៉ាងមាំទាំក្នុងការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវមិនអាចក្លាយជាមិត្តរបស់ខ្លួននោះផងដែរ។
ទោះបីជាបែបនេះក្តីអ្នកវិភាគខាងលើបានសរុបសេចក្តីថា របៀបនៃការដឹកនាំរបស់លោក សាដដាំ តាមបែបព្រៃផ្សៃ និងការឈ្លានពានប្រទេសជិតខាងនោះ គឺជាកត្តាចម្បងដែលធ្វើឲ្យរបបដឹកនាំរបស់លោកដួលរលំ៕