(មូស្គូ)៖ អង្គការណាតូ មិនមែនកំពុងដឹកនាំសកម្មភាពបង្កជម្លោះ ឬក៏ចង់ធ្វើសង្រ្គាមត្រជាក់សារជាថ្មី ជាមួយនឹងរុស្ស៊ី នោះទេ។ នេះគឺជាការអះអាងរបស់អគ្គលេខាធិការ អង្គការណាតូ លោក ជែនស៍ ស្តូលធិនបឺគ (Jens Stoltenberg) ដែលចុះផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក ស្តូលធិនបឺគ ធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូល នៃក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទស្អែកនេះ ខណៈទំនាក់ទំនងរវាងអង្គការណាតូ និងទីក្រុងមូស្គូ កំពុងមានភាពភាពតឹង នៅក្នុងបរិបទដែលភាគីទាំងពីរកំពុងបង្កើនវត្តមានយោធារៀងៗខ្លួន នៅតំបន់អឺរ៉ុបខាងកើត។ លោក ស្ដូលធិនបឺគ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ German Bild បានថ្លែងថា «អង្គការណាតូ មិនចង់បង្កជម្លោះ ឬក៏ចង់ ធ្វើសង្រ្គាមត្រជាក់សារជាថ្មីជាមួយនឹងរុស្ស៊ីនោះទេ»។
គួររំលឹកថា កិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី ធ្លាប់រៀបចំម្ដងរួចមកហើយ កាលពីថ្ងៃទី១៣ កក្កដាកន្លងទៅ ហើយកិច្ចប្រជុំនៅលើក នេះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃចន្ទស្អែកនេះ៕