(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលចិន នឹងប្រគល់កូននាវាមុជទឹកគ្មានមនុស្សបើក ដែលខ្លួនបានរឹបអូសទៅឱ្យសហរដ្ឋអាមេរិក វិញ ក៏ប៉ុន្តែព្រមពេលជាមួយទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបាននិយាយ បំផ្លើសពីឧប្បទ្ទវហេតុដែលបានកើតឡើង ខណៈលោកដូណាល់ ត្រាំផ្ទាល់ បានប្រាប់ចិនឱ្យរក្សាទុកនាវានេះចុះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាវាល្បាតចិន បានរឹបអូសកូននាវាមុជទឹកគ្មានមនុស្សបើកឈ្មោះ UUV របស់សហរដ្ឋ អាមេរិក នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែលជា៩០គីឡូម៉ែត្រពីឈូងសមុទ្រស៊ូប៊ិក (Subic Bay) នៃប្រទេសហ្វីលីពីន។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានធ្វើសង្រ្គាមពាក្យសម្ដីជាមួយចិនសារជាថ្មី ដោយសរសេរនៅលើ Twitter ថា «ចិនបានលួចនាវាមុជទឹកស្រាវជ្រាវ អាមេរិក នៅក្នុងតំបន់ដែនទឹកអន្តរជាតិ ហើយយើងគួរតែប្រាប់ទៅចិនថា យើងមិនត្រូវការនាវាមុជទឹកដែលពួកគេបាន លួចត្រឡប់មកវិញនោះទេ ពោលគឺទុកឱ្យពួកគេរក្សាទុកនាវាមុជទឹកនេះចុះ»។ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុង សេចក្ដីប្រកាសព័ត៌មានអ្នកនាំពាក្យមន្ទីបញ្ចុកោណ លោក ភីតធឺ ខុគ (Peter Cook) បានឱ្យដឹងថាចិននឹងប្រគល់ នាវាមុជទឹកដែលខ្លួនរឹបអូសមកវិញ។ «ផ្អែកលើ ការសន្យាដោយផ្ទាល់ជាមួយភាគីចិន សហរដ្ឋអាមេរិកនឹងទទួលបាន នាវាមុជទឹក UUV ត្រឡប់មកវិញ»។ នេះបើតាម លោក ភីតធឺ ខុគ។
គួរបញ្ជាក់ថា ការរឹបអូសនាវាមុជទឹកអាមេរិក ធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុង មានភាពតានតឹងគ្នា បន្ទាប់ពីលោក ដូណាល់ ត្រាំ ព្រមានមិនគោរពគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់៕