(ហ្សាកាតា)៖ អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា យន្ដហោះយោធាមួយគ្រឿងរបស់ខ្លួន បានធ្លាក់ នៅក្នុងអំឡុងពេលកំពុងហ្វឹកហាត់ នៅឯតំបន់ភ្នំមួយកន្លែងនៃ ខេត្ត Papua ដោយសម្លាប់អ្នកជិះនៅលើនោះទាំងអស់ ចំនួន១៣ នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹក នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែល បានឱ្យដឹងទៀតថា យន្ដហោះទ័ពអាកាសឥណ្ឌូនេស៊ី ធុន Hercules C130 បានហោះចេញពីទីក្រុង Timika ប៉ុន្តែក្រោយមកបានធ្លាក់នៅឯតំបន់ភ្នំ Lisuwa ស្ថិតនៅក្បែរទីក្រុង Wamena ដែលជាគោលដៅចុះចត នៅ ម៉ោងប្រមាណជា ៦៖១៥ នាទី ព្រឹក (ម៉ោងនៅក្នុងប្រទេសឥណ្ឌូនេស៊ី) ខណៈមូលហេតុធ្លាក់ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យ ច្បាស់នៅឡើយទេ ចំណែកឯសាកសពមនុស្សទាំង១៣នាក់ ខាងលើ ត្រូវបញ្ជូនទៅកាន់ទីក្រុង Wamena។
គួររំលឹកថា គ្រោះថ្នាក់ធ្លាក់យន្ដហោះយោធាឥណ្ឌូនេស៊ីមួយគ្រឿង កាលពីឆ្នាំ២០១៥ បានផ្ដាច់យកអាយុជីវិតមនុស្ស ច្រើនជាង១០០នាក់៕