(ពិភពលោក)៖ ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម កើតឡើងលើកដំបូងនៅចុងទសវត្សរ៍ទី១៨នៅប្រទេស អង់គ្លេស ហើយរីករាលដាលដល់ទ្វីបអឺរ៉ុបខាងកើត នៅសតវត្សរ៍ទី១៩នោះ វណ្ណៈកម្មករក៏លេចឡើង ខណៈដែលការបំពានទៅលើសិទ្ធកម្មករក៏កើតឡើងដំណាលគ្នាផងដែរ។ ក្រោយមកដោយសារការធ្វើកំណែ ទម្រង់ច្បាប់ជាច្រើនលើកច្រើនសារ ឆ្លើយតបនឹងការងើបបះបោរពីសំណាក់ពួកកម្មករនោះ លក្ខខណ្ឌការងាររបស់ពួកគេក៏បានប្រសើរឡើងច្រើន។ យ៉ាងនេះក្តី រហូតមកទល់បច្ចុប្បន្ននៅតែមានប្រទេសមួយចំនួនដែលបំពានសិទ្ធកម្មករ ហើយផ្តល់លក្ខខណ្ឌការងារ សម្រាប់ពួកគេយ៉ាប់យឺនជាទីបំផុត។ ខាងក្រោមនេះជារបាយការណ៍នៃប្រទេសទាំង១០ ដែលមានការបំពានទៅលើកម្មករយ៉ាងធ្ងន់ធ្ងរ ស្ទើរមិនអាចទទួលយកបាន៖
* ប្រទេស បេឡារុស (Belarus)៖
កម្មករក្នុងប្រទេស អឺរ៉ុបខាងកើតមួយនេះ ត្រូវប្រឈមមុខនឹងការរើសអើង ការបង្ខិតបង្ខំឱ្យធ្វើការ ការបង្ក្រាបរាល់សកម្មភាពធ្វើបាតុកម្ម។ ការចាប់កម្មករដាក់ពន្ធធនាគារ ពីបទធ្វើបាតុកម្មប្រឆាំងការបណ្តេញចេញ ដោយគ្មានហេតុផលសមរម្យ នៅតែបន្តកើតមាននៅក្នុងប្រទេសមួយនេះ។ ប្រធានាធិបតីប្រទេស បេឡារុស លោក Lukashenko បានដាក់ចេញនូវច្បាប់ហាមឃាត់មិនឱ្យកម្មករតាមកសិដ្ឋាន និងនៅតាមតំបន់ព្រៃលាឈប់ពីការងាររបស់ខ្លួនបានឡើយ ដោយលោកផ្ទាល់បានប្រៀបធៀបពួកគេដូចជា ពួកខ្ញុំកញ្ជះដូចច្នោះដែរ។
* ប្រទេស ចិន (China)៖
ប្រទេស ចិន ក៏ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលបានបំពានសិទ្ធកម្មករផងដែរ។ កម្មករត្រូវធ្វើការដោយគ្មានច្បាប់ការងារច្បាស់លាស់ (អាចបញ្ឈប់បានតាមចិត្ត)។ ការធ្វើបាតុកម្ម និងកុប្បកម្មគឺជារឿងខុសច្បាប់។ រាល់កម្មករទាំងអស់ដែលចូលរួមក្នុងសកម្មភាពទាំងនោះ នឹងប្រឈមមុខនឹងការគំរាមកំហែង ឬការយាយី ពីសំណាក់ថៅកែរោងចក្រ និងមន្ត្រីរដ្ឋាភិបាល។ ប្រទេស ចិនមានការរើសអើងទៅលើកម្មករ ព្រមទាំងមានករណីចាប់មនុស្សទាំងក្រុមតែម្តង ប្រសិនបើពួកគេហ៊ានបរិហារពីការបំពានសិទ្ធកម្មករ។
* ប្រទេស កូឡំប៊ី (Colombia)៖
ប្រទេស កូឡំប៊ី ជាប្រទេស ដែលមានករណីឃាតកម្មទៅលើសកម្មជនសហជីពច្រើនបំផុត។ ជាក់ស្តែងក្នុងរយៈពេលត្រឹម១២ខែកន្លងទៅនេះ សកម្មជនសហជីពរហូតដល់២២នាក់ត្រូវបានគេសម្លាប់។ តួលេខនេះ អាចកើនឡើង ប្រសិនបើករណីប៉ិនប៉ងឃាតកម្មមួយទៀត នាពេលកន្លងមកបានសម្រេច។ ដោយឡែកអ្នកដែលបានឃើញហេតុការណ៍នេះ ក៏ទំនងជាមិនរួចខ្លួនផងដែរ។ កម្មករក្នុងប្រទេស កូឡំប៊ី ត្រូវប្រឈមមុខនឹងការរើសអើង ចំណែកដំណើរការនៃកិច្ចចរចារវាងកម្មករ និងនិយោជក ជារឿងមិនអាចទៅរួចនោះទេ។
* ប្រទេស អេហ្ស៊ីប (Egypt)៖
ប្រទេស អេហ្ស៊ីបជាប្រទេស ដែលមានការរឹតបន្តឹងបំផុតសម្រាប់កម្មករ។ ប៉ូលីលមានភាពសាហាវឃោឃៅ មានករណីចាប់ខ្លួនជាក្រុម និងការធ្វើឃាតដោយចេទនា ជាដើម។ កាលពីខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ កម្មកររបស់ក្រុមហ៊ុនដែកថែប៥០០នាក់ បានធ្វើបាតុកម្មរយៈពេលពីរម៉ោងទាមទារប្រាក់បន្ថែមដែល ក្រុមហ៊ុនសន្យាផ្តល់ឱ្យ។ ជាការសងសឹកក្រុមហ៊ុនបានហៅប៉ូលីស ព្រមទាំងព្យួរការងារបុគ្គលិក១៦នាក់ ដោយក្នុងនោះភាគច្រើនជាពួកសហជីប។
សារព័ត៌មានបានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្នក្នុងប្រទេស អេហ្ស៊ីប ការធ្វើបាតុកម្មត្រូវបានចាត់ទុកជាទោសព្រហ្មទណ្ឌ កម្មករដែលធ្វើបាតុកម្មនឹងត្រូវពិន័យដោយបង្ខំឱ្យពួកគេចូលនិវត្តន៍តែម្តង។
* ប្រទេស ហ្គាតេម៉ាឡា (Guatemala)៖
ករណីឃាតកម្ម ការបាញ់ប្រហារដោយអាវុធ និងគ្មានច្បាប់ការងារច្បាស់លាស់ តែងតែកើតឡើងទៅលើក្រុមសហជីពក្នុងប្រទេសមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល ១២ខែចុងក្រោយនេះ មេដឹកនាំសហជីពនៃកម្មករដឹកជញ្ជូន ទីផ្សា និងផ្នែកផ្សេងៗទៀត ត្រូវបានគេបាញ់សម្លាប់ជាច្រើននាក់។ រាល់កម្មករដែលធ្វើការប្រឆាំង នឹងត្រូវបានបណ្តេញចេញពីការងារ។
* ប្រទេស ប៉ាគីស្ថាន (Pakistan)៖
កម្មករក្នុងប្រទេស ប៉ាគីស្ថាន មិនត្រូវបានការពារដោយច្បាប់ការងារឡើយ ពួកគេត្រូវប្រឈមមុខនឹងការចាប់ខ្លួន និងអំពើហិង្សា។ កាលពីឆ្នាំ២០១៤កន្លងទៅនេះ កម្មករបានធ្វើបាតុកម្មដើម្បីប្រឆាំងនឹងការសម្លាប់កម្មករ៨នាក់នៅទីក្រុង បាឡូជីស្ថាន។
* ប្រទេស កាតា (Qatar)៖
ដោយប្រទេសនេះអនុវត្តប្រព័ន្ធច្បាប់ការងារ Kafala ហេតុនេះប្រទេស កាតា ត្រូវបានគេដាក់ឈ្មោះជាឋាននរកសម្រាប់កម្មករអន្តោប្រវេសន៍ ដោយមិនត្រូវបាន ការពារដោយច្បាប់ការងារឡើយ ព្រមទាំងត្រូវបានស្ថិតនៅក្រោមប្រព័ន្ធមួយដែលចាត់ទុកពួកគេជា ទាសករសម័យទំនើប។
* ប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia)៖
ក្នុងប្រទេសនេះ ក៏អនុវត្តប្រព័ន្ធការងារ Kafala ដូចគ្នា ដោយជនអន្តោប្រវេសន៍ទើបមកថ្មី មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរការងារ ឬចាកចេញពីប្រទេសដោយ គ្មានលាយលក្ខជាអក្សរពីចៅហ្វាយដើមរបស់ខ្លួនបានឡើយ។ ដោយសារដំណើរការចេញលិខិតយឺតផងនោះ ប្រព័ន្ធបែបនេះធ្វើឱ្យកម្មករអន្តោប្រវេសន៍ ជាច្រើននាក់គ្មានការងារធ្វើ ហើយថែមទាំងមិនអាចចាកចេញពីប្រទេសនេះ ទៅកាន់ប្រទេសកំណើត ឬប្រទេសផ្សេងទៀតបានឡើយ។ នេះពិតជារឿងដ៏យ៉ាប់យឺនបំផុត។
* ប្រទេសស្វាស៊ីឡង់ (Swaziland)៖
ប្រទេសនេះជាប់ចំណាត់ថ្នាក់ជាប្រទេសដ៏អាក្រក់បំផុតសម្រាប់កម្មករ ដោយសារការប្រកាន់យករបបបំភិតបំភ័យ ឃោឃៅទៅកម្មករ ការប្រព្រឹត្តអំពើហិង្សាពីសំណាក់ប៉ូលីស និងការចាប់ដាក់ពន្ធធនាគារជាដើម។ ការបង្កើតក្រុមសហជីពត្រូវបានហាមឃាត់។ អាជ្ញាធរតែងតែប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្ម ដើម្បីបង្ក្រាបពួកកម្មករបះបោរ ក្រោមលេសថា ការពារសន្តិសុខជាតិ។
* សហភាពអារ៉ាប់រួម (United Arab Emirates)៖
កម្មករអន្តោប្រវេសន៍មានចំនួនប្រមាណ៨៨ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបរបស់សហភាពអារ៉ាប់រួម។ កម្មករអន្តោប្រវេសន៍មិនត្រូវបានការពារដោយច្បាប់ការងារឡើយ ពួកគេត្រូវប្រឈមមុខនឹងការបង្ខំឱ្យធ្វើការ រយៈពេលយូរ ការរឹបអូសទិដ្ឋាការ និងការផ្លាស់ប្តូរកិច្ចសន្យាការងារជាដើម។
កម្មករអន្តោប្រវេសន៍គ្មានសិទ្ធចូលរួមក្នុងសហជីព និងការធ្វើបាតុកម្មឡើយ ហេតុនេះរាល់អ្នកដែលហ៊ានបំពានត្រូវប្រឈមមុខនឹងការដាក់ពន្ធធនាគារ និងការនិរទេ្ទសខ្លួន។
បញ្ជាក់៖ បញ្ជីរខាងលើ គ្រាន់តែជាការដាក់ប្រទេសតាមលំដាប់អក្សរជាភាសាអង់គ្លេសប៉ុណ្ណោះ មិនមែនបានន័យថាប្រទេសលើគេ ឬក្រោមគេជាប្រទេសដែលអាក្រក់បំផុតនោះទេ៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា