(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងសន្និសិទសារព័ត៌មានជាលើកចុងក្រោយ របស់ខ្លួនបានសន្យាថា នឹងចាត់វិធានការឆ្លើយតបទៅនឹងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ ប៉ុន្តែទន្ទឹមគ្នានឹងការសន្យា ប្រធានាធិបតីផុតអាណត្តិរូបនេះ បានចាត់ទុកប្រទេសរុស្ស៊ី គឺជាប្រទេសតូចតាច ដែល ចេះតែលក់ប្រេង ឧស្ម័ន និងអាវុធតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
ប្រតិកម្មរបស់លោក អូបាម៉ា ធ្វើឡើងនៅបន្ទាប់ពីទីភ្នាក់ងារស៊ើបការសំងាត់ CIA និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកអះអាងថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុង កិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ អង្គុយកៅ អីជាប្រធានាធិបតី។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោក អូបាម៉ា បានលើកឡើងដូច្នេះថា «រុស្ស៊ីមិនអាចផ្លាស់ប្ដូរ យើង ឬក៏បំបែកបំបាក់សហរដ្ឋអាមេរិក បាននោះឡើយ។ ពួកគេ (រុស្ស៊ី) ជាប្រទេសតូចតាច និងទន់ខ្សោយដែលមាន សេដ្ឋកិច្ចពឹងផ្អែកតែទៅលើការលក់ប្រេង ឧស្ម័ន និងអាវុធ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេអាចនឹងបង្កផលប៉ះពាល់ដល់យើង បើសិនជាយើងបោះបង់ចោលតម្លៃរបស់យើង ហើយមិនដឹងថាខ្លួនឯងជានរណា [...]»។
កាលពីខែឧសភា ឆ្នាំ២០១៤ លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានហៅរុស្ស៊ីថា គ្រាន់តែជាមហាអំណាចនៅក្នុងតំបន់ដែលមិនបានដើរតួនាទីសំខាន់អ្វីនៅលើ ឆាកអន្តរជាតិនោះទេ។ «រុស្ស៊ីគ្រាន់តែជាមហាអំណាចនៅក្នុងតំបន់ ដែលបានតែគម្រាមកំហែងប្រទេសជិតខាងមួយចំនួន»។ នេះ គឺជាការលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ា»។
សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថា មិនមែនជាជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើក ឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បុរសដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ ជាមួយសំឡេងគាំទ្រលើសលប់ ខណៈគូប្រជែងរបស់លោកមកពី គណបក្សប្រជាធិបតេយ្យ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រតិចជាង៕