(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមរិក បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទៅ ២៥ លានដុល្លារអាមេរិក សម្រាប់ក្បាលរបស់ អាប៊ូបាកើ អាល់បាដាឌី (Abu Bakr al-Baghdadi) ឬក៏ការផ្ដល់ព័ត៌មានទាំងឡាយណា ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំកំពូលក្រុម ISIS រូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីប្រកាសផ្ដល់ប្រាក់រង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះ គឺមិនមែនជាលើក ទី១នោះទេ ពោលទីក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់បានប្រកាសផ្ដល់ប្រាក់រង្វាន់ ១០លានដុលា្លរផងដែរ កាលពីឆ្នាំ២០១១ សម្រាប់ក្បាលរបស់អាប៊ូបាកើ អាល់បាដាឌី ដែលបានដឹកនាំក្រុម ISIS វាយដណ្ដើមកាន់កាប់ទឹកដីមួយផ្នែកធំនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក ថែមទាំងចាត់ទុកថាមេភេរវកររូបនេះ គឺជាសត្រូវទី១ដែល ត្រូវកម្ចាត់ចោលឱ្យខានតែបាននៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ កន្លងទៅ កងទ័ពអ៊ីរ៉ាក់ បានអះអាងថា ខ្លួនបានវាយប្រហារតាមផ្លូវអាកាសទៅលើក្បួនរថយន្ដរបស់ អាប៊ូបាកើ អាល់បាដាឌី នៅភាគខាងលិចនៃខេត្ត អាល់ អាន់បា (Al-Anbar) ហើយនៅពេលនោះដែរ សារព័ត៌មានខ្លះផ្សាយថា មេភេរវកររូបនេះបានរងរបួសធ្ងន់ និងខ្លះទៀតថាបានស្លាប់។ ក៏ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ អាប៊ូបាកើ អាល់បាដាឌី បានចេញខ្សែអាត់ថតសម្លេងមួយ ដោយបានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធ និងអ្នកគាំទ្ររបស់ខ្លួនធ្វើការ វាយប្រហារសងសឹងទៅនឹងបណ្ដាប្រទេសលោកខាងលិច ឱ្យក្លាយទៅជាថ្លុកឈាម៕