(តួកគី)៖ នាយទាហានចំនួន១៣នាក់បានបាត់បង់ជីវិត និង៤៨ផ្សេងទៀតបានទទួលរងបួស ក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយដែលបានសំដៅលើរថយន្តក្រុងដែលដឹកជញ្ជូនពួកគេ នៅឯទីក្រុងកាយសឺរី (Kayseri) ភាគកណ្តាលនៃប្រទេសតួកគី។ នេះបើតាមកងកម្លាំងប្រដាប់អាវុធតួកគី ដែលចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យកងកម្លាំងយោធាប្រទេសតួកគីបានឲ្យដឹងថា «អំពើភេរវកម្មនេះបានកើតឡើងនាម៉ោង៨៖៤៥នាទី (ម៉ោងនៅតួកគី) ដោយសំដៅរកយានជំនិះដែលដឹកជញ្ជូនពលទាហាន ហើយ១៣នាក់ក្នុងចំណោមមិត្តរួមអាវុធរបស់យើងបានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ៤៨នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ ដែលទន្ទឹមនឹងនេះអ្នករបួសទាំងប៉ុន្មានក៏ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះអាយុជីវិតផងដែរ ខណៈនៅក្នុងចំណោមអ្នករងរបួសអាចនឹងមានជនស៊ីវិល»។
អនុរដ្ឋមន្រ្តីនៃប្រទេសតួកគីលោក នូមែន ឃើទូលមូស (Numan Kurtumus) បានបញ្ជាក់ទៀតថា ការវាយប្រហារនេះគឺជាការបំផ្ទុះរថយន្តដែលមានគោលដៅជារថយន្តក្រុងដឹកកងទ័ពខាងលើ ហើយករណីនេះក៏ស្រដៀងគ្នាទៅនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខាងក្រៅពហុកីឡាដ្ឋានបាល់ទាត់ នៅឯទីក្រុងអ៉ីស្តង់មប៊ុលកាលពីចុងសប្តាហ៍មុននេះ ដែលបានស្លាប់ជីវិតមនុស្ស៤៤នាក់ និងបានបណ្តាលឲ្យរបួសជាច្រើននាក់ផ្សេងទៀតផងដែរ៕