(បាងកក)៖ ការរុះរើគណៈរដ្ឋមន្រ្តីជាថ្មីម្តងទៀតនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រកាសនៅថ្ងៃម្សិលមិញនេះ ដែលវាគឺជាការផ្លាស់ប្តូរលើកទី០៤ផងដែរ នៅក្នុងរដ្ឋាភិបាលយោធារបស់លោកដែលបានឡើងក្តោបក្តាប់អំណាចចាប់តាំងពីឆ្នាំ២០១៤ មកតាមរយៈការធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានផ្លាស់ប្តូរ ឬតែងតាំងរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន១២រូប ហើយការផ្លាស់ប្តូរកំរិតខ្ពស់ជាងគេនោះគឺតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ក្រសួងអប់រំ, និងក្រសួងឧស្សាហកម្ម ខណៈអតីតរដ្ឋមន្រ្តីក្រសួងអប់រំលោក ដាពុង រតនាស៊ូវ៉ាន់ (Dapong Ratanasuwan) និងអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក ផៃប៊ុន គុម (Paiboon Koom) កាលពីដើមសប្តាហ៍មុនត្រូវបានព្រះបាទ មហា វិច្ឆិរាឡុងកន ចាត់តាំងជាសមាជិកក្រុមប្រឹក្សាជំនិតនៃព្រះមហាក្សត្រថៃ។
ប្រការហេតុនេះអនុរដ្ឋមន្រ្តីក្រសួងអប់រំលោក ធីរ៉ាឃៀត ចារើនសិត្តាស៊ីន (Teerakiat Jareonsettasin) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីអប់រំថ្មី ហើយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនៃការិយាល័យនាយករដ្ឋមន្រ្តីលោក ស៊ូវ៉ាផាន់ ថាន់យ៊ូវ៉ាដហាណា (Suwapha Tanyuvardhana) បានក្លាយជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី។
ដោយឡែកនៅក្នុងការរុះរើលើកទី៤នេះ មានបុគ្គលថ្មីចំនួន ០៥រូបត្រូវបានបញ្ចូលទៅក្នុងគណៈរដ្ឋមន្រ្តីថៃ រួមមានលោក វីរ៉ាសាក់ ហ្វូត្រាគុល (Veerasak Futrakul) ដែលបានក្លាយជាអនុរដ្ឋមន្រ្តីការបរទេស, លោក ជូទីម៉ា ប៊ូនីអាប្រាផាស (Boonyaprapas) ជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក ភីជីត អការ៉ាធីត (Pichit Akarathit) ក្លាយជាអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន, លោក សូនធីរ៉ាត់ សូនធីជីរ៉ាវុង (Sonthirat Sonthijirawong) ជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម, និងជាចុងក្រោយលោក អ៊ុតថាម៉ា សាវ៉ាន់អៃយ៉ាណា (Uttama Savanayana) ដែលជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថ្មី។
គួរបញ្ជាក់ដែរថា ការរុះរើសមាសភាពនៅក្នុងគណៈរដ្ឋមន្រ្តីនេះត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានប្រកាសនៅយប់ថ្ងៃសុក្រម្សិលមិញ ដែលការផ្លាស់ប្តូរទាំងនេះបានចូលជាធរមានភ្លាមៗតែម្តង៕