(វ៉ាស៊ីនតោន)៖ មេដឹកនាំស្ថាប័នស៊ើបការណ៍សម្ងាត់ធំៗ របស់សហរដ្ឋអាមេរិកបានបង្ហាញពីការគាំទ្រចំពោះរបាយការណ៍របស់ទីភ្នាក់ងារចារកិច្ច CIA ដែលថាប្រទេសរុស្ស៊ីបានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ បានអង្គុយកៅអីមេដឹកនាំកំពូលនៅក្នុងសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាយកទីភ្នាក់ងារ CIA លោក ចន ប្រេនណា (John Brenna) បានឲ្យដឹងថា លោកបានជួបជាលក្ខណៈដាច់ដោយឡែកមួយ ជាមួយនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក ជែម ខូមី (James Comey) និងអគ្គនាយកស្ថាប័នស៊ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបប៉ឺ (James Clapper) កាលពីដើមសប្តាហ៍នេះ ហើយនៅក្នុងជំនួបនោះលោកទាំងបីរូបពិតជាមានការមូលមតិគ្នាយ៉ាងខ្លាំងក្លាទៅលើទំហំ ចរិត និងគោលបំណង នៃការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់ជ្រើសរើសប្រធានាធិបតីអាមេរិក។
លោក ប្រេនណា បានបន្ថែមថា «ពួកយើងទាំងបីនាក់ក៏បានយល់ស្របដែរថាស្ថាប័ន្ធរបស់យើងរួមជាមួយនិងស្ថាប័ន្ធផ្សេងៗទៀត ចាំបាច់ត្រូវតែផ្តោតសំខាន់ចំពោះការសម្រេចឲ្យបាន នូវការត្រួតពិនិត្យយ៉ាងពេញឡើងវិញទៅលើបញ្ហានេះ ដែលត្រូវបានដឹកនាំដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់ DNI»។ យ៉ាងណាមិញសហគមន៍ស៊ើបការណ៍អាមេរិក មិនបានយល់ឃើញថាប្រទេសរុស្ស៊ីមាន «គោលបំណងតែមួយគត់» ឡើយក្នុងការលូកដៃចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកតាមរយៈការវាយប្រហារប្រព័ន្ធអ៉ីនធឺណែតនោះ។
គួរបញ្ជាក់ដែរថាកាលពីដើមខែធ្នូនេះ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានដាក់បញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញទាំងស្រុងទៅលើការវាយលុកតាមប្រព័ន្ធអ៉ីនធឺណែតទាំងប៉ុន្មានរបស់ប្រទេសរុស្ស៊ី នៅមុនពេលដែលលោកចាកចេញពីសេតវិមាន ដោយលោក អូបាម៉ា សង្ឃឹមថាវានឹងអាចផ្តល់ជាចម្លើយខ្លះៗ អំពីចេតនានៅពីក្រោយខ្នងនៃការ Hacks ទាំងនោះ៕