(វ៉ាស៊ីនតោន)៖ ប្រទេសចិនបានធ្វើការ​ឃាត់​ទុក​​ដោយ​ខុសច្បាប់នូវ កូននាវាមុជ​ទឹក​ដែល​គ្មាន​មនុស្សបើក​បរ​មួយ​គ្រឿងរបស់សហរដ្ឋអាមេ​រិក នៅក្នុងដែនទឹកអន្តរជាតិនៃតំបន់សមុទ្រចិនខាងត្បូង ដែលទង្វើនេះ​អាច​នឹងដុតរោលភាពតឹងតែង​ ជុំវិញវត្តមានមូលដ្ឋាន​យោធារបស់ចិននៅ​ដែនសមុទ្រ​ដែលមានជម្លោះនេះ​បន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។

លោកអនុសេនីយ៍ឯក ជែហ្វ ដេវីស (Jeff Davis) អ្នកនាំពាក្យក្រសួងការពារជាតិ​អាមេរិកបានឲ្យដឹងថា នាវាមុជទឹកខាងលើ​ត្រូវបាន​គេចាប់​ឃាត់​ទុក​​នៅ​ចម្ងាយប្រហែលជា ៩០គីឡូម៉ែត្រពីឈូង​សមុទ្រ​ស៊ូប៊ិក (Subic Bay) នៃប្រទេសហ្វីលីពីន​នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ក្នុងហេតុ​ការណ៍អហិង្សាមួយ ខណៈពេល​ដែលនាវាស៊ីវិល​របស់អាមេរិក​ឈ្មោះថា USNS Bowditch ​កំពុង​រង់​ចាំ​​ទទួល​កូននា​វា​មុជ​ទឹក​មួយ​គូ​របស់​ខ្លួន ដែល​បានត្រឡប់មកពីធ្វើការប្រមូលយកទិន្នន័យ អំពីទឹកសមុទ្រជាធម្មតា។

នៅពេលនោះនាវាមុជទឹក​របស់ចិនបានឈប់នៅ​រយៈចម្ងាយ ៥០០ម៉ែត្រពីនាវា Bowditch និងបាន​ឆក់យក​កូននាវាមុជទឹកមួយយកទៅបាត់ ខណៈមួយទៀត​ត្រូវបានយកមកកាន់នាវា​អាមេរិកវិញ​ដោយសុវត្ថិភាព ហើយភ្លាមៗក្រុមការងារ​នៅលើនាវា Bowditch ក៏បានធ្វើការទាក់ទ ​តាមវិទ្យុទៅកាន់​នាវាមុជទឹកចិនដើម្បី​ស្នើសុំឲ្យទុកកូននាវា​របស់ខ្លួននៅទីនោះវិញ​ផងដែរ ប៉ុន្តែគ្មានការឆ្លើយតប​ឡើយ​ហើយនាវាចិន​ក៏​បាន​ធ្វើ​ដំណើរចាកចេញទៅបាត់។

គួរបញ្ជាក់ថា នាពេលនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានចេញសំណើជាផ្លូវការមួយតាម​រយៈ​ការ​ទូត ​ដើម្បី​សុំឲ្យ​ទី​ក្រុង​ប៉េ​កាំង​ប្រ​គល់​កូន​នា​វា​មុជ​ទឹក​​នោះ​មក​​វិញ​​ផង​ដែរ៕