(ព្យុងយ៉ាង)៖ មុខតំណែងជាប៉ូលិសចរាចរណ៍នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានរក្សាទុកសម្រាប់តែនារីៗមានសម្រស់ស្រស់ស្អាតដាច់គេប៉ុណ្ណោះ ដែលអាចចូលបំពេញតួនាទីក្នុងការងារដ៏មានកិត្តិយសនេះបាន។ បេក្ខភាពនឹងមានសិទ្ធិអាទិភាពជាងបើសិនជានារីវ័យក្មេង ហើយមានកម្ពស់ខ្ពស់ដូចតារាម៉ូដែល និងមានសម្រស់ស្អាតផូរផង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីប៉ូលិសចរាចរណ៍ជាស្ត្រីនៃរដ្ឋធានីព្យុងយ៉ាង គឺជាទិដ្ឋភាពទូទៅមួយ នៅឯចំណុចប្រសព្វនៃដងវិថីនានាជុំវិញទីក្រុងមួយនេះ ដោយសារនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាចរាចរណ៍មានការកើនឡើងខ្លាំងគួរសម ហើយនារីបញ្ជាចរាចរណ៍ទាំងនោះប្រហែលជានិមិត្តរូបដ៏គួរឲ្យទាក់ទាញបំផុតនៃទីក្រុងព្យុងយ៉ាងទោះបីជាពួកគេក៏មានវត្តមាននៅតាមបណ្តាទីក្រុងដទៃៗផ្សេងទៀត ទូទាំងប្រទេសកូរ៉េខាងជើងយ៉ាងណាក្តី។
ក្រៅពីបញ្ជាចរាចរណ៍នៅក្រុងទីក្រុងព្យុងយ៉ាង នារីប៉ូលិសចរារណ៍ក៏ជាទម្លាប់តែងតែបានធ្វើការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះមន្រ្តីយោធាក៏ដូចជារដ្ឋាភិបាលដែលបានធ្វើដំណើរឆ្លងកាត់ពួកគេ ហើយលើសពីនេះដោយសារតែសម្រស់ដ៏លេចធ្លោរ នារីៗទាំងនោះបានបង្កើតចេញជាក្រុមអ្នកគាំទ្រ (Fansដោយមិនដឹងខ្លួន និងថែមទាំងមានជា គេហទំព័រដែលមានការជ្រើសរើស «នារីចរាចរណ៍ទីក្រុងព្យុងយ៉ាងប្រចាំខែ» ទៀតផង។
នៅក្នុងគេហទំព័រខាងលើ ក៏មានជាល្បែងលេង និងវេទិកាជជែកមួយផងដែរ ដែលជាកន្លែងសម្រាប់ឲ្យបណ្តាអ្នកគាំទ្រដ៏ងប់ងល់បំផុតនោះ ចែករំលែកសារក៏ដូចជាកំណាព្យបង្ហាញពីអារម្មណ៍របស់ពួកគេផ្ទាល់ចំពោះនារីចរាចរណ៍ ហើយមិនត្រឹមតែនៅលើបណ្តាញអ៊ីនធឺណែតប៉ុណ្ណោះទេដែលនារីទាំងអស់នោះទទួលបានចំណាប់អារម្មណ៍ខ្លាំងក្លាបែបនេះ ដោយនៅក្នុងប្រទេសកូរ៉េខាងជើងទាំងមូល នារីចរាចរណ៍ដ៏ស្រស់ស្អាតទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនជាពិសេសប្រុសៗ នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះឈ្លក់វង្វេងស្ទើរតែដល់ថ្នាក់ហួសហេតុថែមទៀត។
ជុំវិញការងប់ងល់ចំពោះនារីចរាចរណ៍នៅកូរ៉េខាងជើងនេះដែរ រូបភាពរបស់ពួកគេត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើតែមបិទសំបុត្រ, ខិតប័ណ្ណ, និងផ្ទាំងបដាធំៗ ហើយកូនក្រមុំតុក្កតាជានារីចរាចរណ៍ក៏ត្រូវបានផលិតឡើងសម្រាប់ធ្វើជាសម្ភារៈក្មេងលេងផងដែរ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៣ នារីប៉ូលិសចរាចរណ៍វ័យ ២២ឆ្នាំម្នាក់មានឈ្មោះ រី យ៉ុង ស៊ីម (Ri Kyong Sim) បានទទួលមេដាយកិត្តិយស «Hero of the Republic» ដ៏ខ្ពង់ខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់នាងដែលបានជួយឲ្យការធ្វើចរាចរណ៍ នៅក្នុងទីក្រុងប្រកបដោយសុវត្ថិភាព ប៉ុន្តែមានពាក្យចរចាមអារ៉ាមថាតាមពិតទៅរូបនាងប្រហែលជាបានជួយជីវិតរបស់ប្រមុខដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅក្នុងអំឡុងនៃការប៉ុនប៉ងលួចធ្វើឃាតមិនបានសម្រេចមួយ ហើយសព្វថ្ងៃនេះអ្នកនាង រី មានទំព័រអ្នកគាំទ្រផ្ទាល់ខ្លួនមួយផងដែរនៅលើវែបសាយ «Pyongyang Traffic Girls»៕