(ប៉េកាំង)៖ ការបំពុលក្នុងទីក្រុងប៉េកាំងប្រទេសចិន មិនមែនស្ថិតនៅក្នុងការព្រួយបារម្ភទៀតនោះទេសម្រាប់ពេលបច្ចុប្បន្ននេះ ដោយវាបានឈានទៅដល់ការកម្រិតនៃការប្រកាសអាសន្ន ខណៈរដ្ឋាភិបាលបានបញ្ជាឲ្យរោងចក្រតូចធំចំនួន ១,២០០រោងចក្របិទទ្វារ ឬក៏ត្រូវកាត់បន្ថយសង្វាក់ផលិតកម្មក្នុងទ្រង់ទ្រាយធំដើម្បីបញ្ចៀសការបំពុលបរិស្ថានបន្ថែមទៀត ជាពិសេសនោះគឺខ្យល់តែម្តង។នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ក្រុមហ៊ុនធំៗមួយចំនួនរបស់រដ្ឋដូចជា ក្រុមហ៊ុនចម្រាញ់ប្រេង Sinpec និងក្រុមហ៊ុនចំណីអាហារ Cofco គឺត្រូវបានតម្រូវឲ្យបិទរោងចក្រឬក៏ត្រូវកាត់បន្ថយសកម្មភាពផលិតកម្មរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ ដោយសារតែអាជ្ញាធរបរិស្ថានបានរកឃើញថា ក្រុមហ៊ុនទាំងពីរនេះបានបញ្ចេញកាកសំណល់ និងផ្សែងពុលទៅក្នុងបរិយាកាសខ្លាំងជាងគេបង្អស់។
គួរបញ្ជាក់ថាអាជ្ញាធរបរិស្ថានរបស់ទីក្រុងប៉េកាំង បានចេញសញ្ញាប្រកាសអាសន្នកម្រិតខ្ពស់បំផុត គឺពណ៌ក្រហមក្នុងទីក្រុងប៉េកាំង ចាប់តាំងពីយប់ថ្ងៃសុក្រមក ដល់ព្រឹកថ្ងៃសៅរ៍នេះ ហើយវានឹងអូសបន្លាយរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ផ្សែងពុលដ៏ក្រាស់ក្រែលត្រូវបានគេរំពឹងថានឹងនៅកកកុញ នៅក្នុងបរិយាកាសសម្រាប់តំបន់ភាគខាងជើងប្រទេសចិន ដែលវានឹងបង្កការរាំងស្ទះដល់ចរាចរណ៍ជាពិសេសគឺការដកដង្ហើមរបស់ប្រជាជនរាប់លាននាក់នៅទីនោះ។
ជារៀងរាល់រដូវរងារ កត្តាបំពុលបរិស្ថានជាពិសេសនោះគឺខ្យល់ បានក្លាយជាបញ្ហាធំសម្រាប់ប្រទេសចិន ដែលមានឧស្សាហកម្មរីកលូតលាស់ខ្លាំងហើយកត្តានេះរដ្ឋាភិបាលបានណែនាំឲ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះពេលមានស្ថានភាពពុលខ្លាំងត្រូវបានប្រកាស និងត្រូវពាក់ម៉ាស់ការពារជានិច្ចនៅពេលចេញមកក្រៅ។ ដោយឡែកសាលារៀនមួយចំនួន ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពក្មេងៗ៕