(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅថ្ងៃសៅរ៍នេះថានៅលើពិភពលោកនេះ គ្មានទំនាក់ទំនងទ្វេភាគីណាដែលមានសារៈសំខាន់ជាងទំនាក់ទំនង អាមេរិក-ចិន ឡើយ ហើយប្រសិនបើចំណងទាក់ទងរវាងប្រទេសទាំងពីរបានដាច់ដោចនោះ អ្នករាល់គ្នានឹងខាតបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។
«ដោយផ្អែកលើសារៈសំខាន់នៃទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងប្រទេសចិនហើយដោយផ្អែកលើតើនៅពេលដែលគ្មានវា អ្នកដទៃៗផ្សេងទៀតនឹងត្រូវខាតបង់ប៉ុណ្ណាបើគិតអំពីសេដ្ឋកិច្ចពិភពលោក, សន្តិសុខជាតិ..., និងតួនាទីកាន់តែសំខាន់ឡើងរបស់ចិន នៅក្នុងកិច្ចការអន្តរជាតិជាដើមនោះវាប្រហែលជាមិនមានទំនាក់ទំនងទ្វេភាគីណាផ្សេងអាចផ្តល់សារៈសំខាន់បែបនេះឡើយ ហើយបើសិនជាទំនាក់ទំនងដ៏ចាំបាច់បំផុតមួយនេះត្រូវបានបាត់ ឬក៏ធ្លាក់ដល់ដំណាក់កាលស្មុគស្មាញទាំងស្រុងនោះប្រទេសដទៃទៀតនៅលើពិភពលោកទាំងមូលក៏នឹងទទួលរងផលវិបាកផងដែរ»។ នេះគឺជាសម្តីរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកចុងក្រោយសម្រាប់ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅដើមខែនេះបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីនៃកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ហើយចាប់ពីពេលនោះមក សេតវិមានបានចេញមុខបញ្ជាក់ម្តងហើយម្តងទៀតពីការប្តេជ្ញាយ៉ាងមុះមុត របស់សហរដ្ឋអាមេរិកចំពោះ «គោលនយោបាយចិនតែមួយ»៕