(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា លោកធ្លាប់បានបាញ់សម្លាប់បុរសចំនួន៣នាក់ កាលពីលោកនៅកាន់តំណែងជាអភិបាលក្រុង Davao ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦
ថ្លែងប្រាប់អ្នកសារព័ត៌មាន BBC លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយចំៗឥតលាក់លៀមយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានសម្លាប់មនុស្សប្រុសប្រហែល៣នាក់... ខ្ញុំមិនបានដឹងច្បាស់ទេថា តើខ្ញុំបានបាញ់អស់ប៉ុន្មានគ្រាប់ចេញពីកាំភ្លើងទៅលើខ្លួនពួកគេនោះទេ។ វាបានកើតឡើងពិតមែនហើយខ្ញុំមិនអាចកុហកអំពីវាបានទេ»។
សេចក្តីថ្លែងការណ៍បញ្ជាក់ឲ្យដឹងបែបនេះរបស់លោកប្រធានាធិបតីហ្វីលីពីន ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ បន្ទាប់ពីអ្នកនាំពាក្យរបស់លោក គឺលោក ម៉ាទីន អានដាណា (Martin Andanar) បានចេញមុខបដិសេធថាលោក ឌូតឺតេ ពុំធ្លាប់បានសម្លាប់នរណាម្នាក់ដោយផ្ទាល់ដៃនោះឡើយ វាគ្រាន់តែជារបៀបនៃភាសា និយាយរបស់លោកប្រធានាធិបតីតែប៉ុណ្ណោះ ព្រោះថាយើងមិនអាចកាត់ន័យចំៗបានទេ។
ដោយឡែករឿងហេតុបាញ់សម្លាប់មនុស្សនេះ បានចាប់ផ្តើមដំបូងបង្អស់នៅ ឯវិមានប្រធានាធិបតីក្នុងប្រទេសហ្វីលីពីន នៅពេលដែលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែង នៅចំពោះមុខក្រុមមេដឹកនាំមុខជំនួញធំៗដែលបានជួបជុំគ្នានៅទីនោះថា «នៅក្រុងដាវ៉ៅ (Davao) ខ្ញុំធ្លាប់បានធ្វើវា (បាញ់សម្លាប់មនុស្ស) ដោយផ្ទាល់ដៃដើម្បីបង្ហាញ ដល់មន្រ្តីប៉ូលិសហ្វីលីពីនថា បើសិនជាខ្ញុំអាចធ្វើបានហេតុអ្វីក៏អ្នកធ្វើមិនបាននោះ ហើយកាលនោះខ្ញុំតែងតែជិះម៉ូតូធំល្បាតតាមដងវិថី ជុំវិញក្រុងកំណើត របស់ខ្ញុំខ្លាចក្រែង មានបញ្ហាកើតណាមួយឡើង។ អំឡុងពេលនោះខ្ញុំពិតជាចង់ឲ្យកើតមានការប្រឈមមុខដាក់គ្នាណាស់ ដើម្បីខ្ញុំអាចសម្លាប់មនុស្សបាន»។
គួរបញ្ជាក់ថា មុនក្លាយជាប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្លាប់ធ្វើជាអភិបាលក្នុង Davao អស់រយៈពេល២ទសវត្សរ៍ ហើយអំឡុងពេលនោះ បុរសខ្លាំងហ្វីលីពីនរូបនេះ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅក្នុងប្រទេស ដោយសារការបង្រ្កាបឧក្រិដ្ឋកម្មដោយធម៌ក្តៅរបស់លោក និងត្រូវបានគេចោទ ប្រកាន់ផងដែរថាលោកបានជួយឧបត្ថម្ភក្រុមឃាតករសម្លាប់មនុស្ស៕