(វ៉ាស៊ីនតោន)៖ អនាគតរដ្ឋាភិបាលអាមេរិកថ្មី នឹងត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការចរចាយ៉ាងអស់ពីចិត្តពីថ្លើមជាមួយក្រុមហ៊ុន Boeing សំដៅកាត់បន្ថយការ ចំណាយទៅលើការផលិតយន្តហោះ Air Force One ថ្មីសម្រាប់ប្រមុខដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក។ នេះបើតាមសម្តីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋ ភេនស៊ីលវេនា (Pennsylvania) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា «ខ្ញុំមិនចង់បានយន្តហោះសម្រាប់ ធ្វើដំណើរ ដែលមានថ្លៃដល់ទៅ៤.២ពាន់លានដុល្លារនោះឡើយ... ជឿខ្ញុំចុះ ហើយយើងនឹងសហការជាមួយក្រុមហ៊ុនប៊ូអ៊ីង (Boeing) ដើម្បីធ្វើយ៉ាងណាអាចកាត់ បន្ថយតម្លៃនៃការផលិតឲ្យចុះដល់កម្រិតសមរម្យមួយតាមតែអាចធ្វើទៅបាន»។
គួររំលឹកថា លោក ត្រាំ បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការរួមដៃគ្នាជាមួយក្រុមហ៊ុនប៊ូអ៊ីង នៅពេលមួយសប្តាហ៍បន្ទាប់ពីបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើក្រុមហ៊ុន ដែលជាអ្នកផលិតយន្តហោះ សម្រាប់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ធ្វីតទ័រ (Twitter) ថាបានទាមទារថ្លៃហួសហេតុកប់ពពក។ ជាងនេះទៅទៀតលោក ត្រាំ ក៏បានរិះគន់លើការចំណាយទៅក្នុងគំរោងនៃការផលិតយន្តហោះចម្បាំងជំនាន់ថ្មី និងទំនើបបំផុតរបស់អាមេរិកគឺយន្តហោះប្រភេទ F-35 ផងដែរ។
គួរបញ្ជាក់ដែរថា គំរោងនៃការផលិតយន្តហោះ Air Force One ថ្មីនេះត្រូវបានរៀបចំឡើងដោយសារតែយន្តហោះ Air Force One ដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺ Boeing ធុន 747-200 ទាំងពីរគ្រឿងនឹងឈានដល់អាយុកាលកំណត់របស់វា គឺ៣ទសវត្សរ៍គត់នៅឆ្នាំ២០១៧ក្រោយនេះ ហើយគេមិនអាចប្រថុយបន្តប្រើប្រាស់យន្តហោះដែលមានតួនាទីដ៏សំខាន់នេះ ក្នុងការដឹកប្រធានាធិបតីនៃប្រទេសមហាអំណាចពិភពលោកមួយទាំងមូលបាននោះឡើយ៕