(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថានឹងបង្កើតតំបន់សន្តិសុខ មួយនៅស៊ីរីដោយតម្រូវឱ្យបណ្ដាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រហ្គូល (Golfe) ជាអ្នកចេញប្រាក់ដើម្បីសម្រេចវត្ថុបំណងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
លោកដូណាល់ ត្រាំ នៅក្នុងសុន្ទរកថាមួយនៅឯទីក្រុង Hersey រដ្ឋ Pennsylvania បានគូសបញ្ជាក់ចំៗថា «នៅពេលខ្ញុំបានឃើញអ្វីដែលកើតឡើងនៅស៊ីរីបច្ចុប្បន្ន ខ្ញុំពិតជាខ្លោចចិត្តណាស់ ដូច្នេះយើងត្រូវតែជួយដល់ប្រជាជនស៊ីរី [...] ហើយខ្ញុំនឹងតម្រូវឱ្យពួកគេ (ប្រទេសក្នុងតំបន់ឈូងសមុទ្រហ្គូល) ផ្ដល់លុយកាក់ឱ្យយើង ដើម្បីបង្កើតតំបន់សន្តិសុខនៅស៊ីរី»។ ស្ថានភាពស៊ីរីនៅពេលនេះកាន់តែស្មុគស្មាញ ខណៈមនុសរាប់ពាន់នាក់ បាននិងកំពុងរត់ភៀសខ្លួនគេចចេញពីទីក្រុងអាឡេប៉ូ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាសពីជ័យជម្នះរបស់ខ្លួនលើក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើគេចាំមិនភ្លេចទេនៅចំពោះមុខអ្នកសារព័ត៌មានកាលខែវិច្ឆិកា កន្លងទៅលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយធ្ងន់ៗ ដោយសំដៅទៅលើប្រធានាធិបតីស៊ីរី លោក អាស្សាដ ថាវាចាំបាច់ណាស់ត្រូវតែបញ្ចប់មនុស្សឆ្កួតដែលកំពុងដឹកនាំនៅស៊ីរីបច្ចុប្បន្ន៕