(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយនៅថ្ងៃសុក្រនេះថា លោកនិងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាដែលរារាំងដល់ការចុះហត្ថាលេខាលើសន្ធិសញ្ញាសន្តិភាព ហើយព្រមពេលជាមួយគ្នានឹងការប្ដេជ្ញាចិត្តនោះ លោក ពូទីន នៅតែមានការស្ទាក់ស្ទើរដោយលោកអះអាងថាទីក្រុងមូស្គូ ត្រូវតែដឹងជាមុនសិនថា តើខ្លួនត្រូវរំពឹងទុកបែបណាចំពោះទំនាក់ទំនងរវាងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NHK នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ពូទីន ដែលបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃមកកាន់ប្រទេស ជប៉ុន លោក អាបេ បានទទួលស្គាល់ថាត្រឹមតែរយៈពេលពីរថ្ងៃ វាមិនមែនជារឿងងាយស្រួលឡើយ ដើម្បីចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាព ត្បិតនារយៈពេល ៧០ឆ្នាំមកនេះ ប្រទេសទាំងពីរបានបរាជ័យជាច្រើនលើកក្នុងការ ដោះស្រាយការខ្វែងគំនិតគ្នា ជាពិសេសគឺបញ្ហាជម្លោះដែនដី នៅទីប្រជុំកោះគូរីលតែម្ដង។
យ៉ាងណាក៏ដោយលោក អាបេ នៅតែមានសុទិដ្ឋិនិយមថា ប្រទេសទំាងពីរអាចនឹងឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព។ ដោយឡែកឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អាបេ លោក ពូទីន បានថ្លែងថា «ដោយសារតែទំនាក់ទំនងពិសេសរវាង ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាការចូលរួមរបស់ប្រទេសទំាងពីរក្នុងកិច្ចព្រមព្រៀងសន្តិសុខ ដូច្នេះបញ្ហានៅតែមាននោះគឺ រុស្ស៊ីត្រូវតែដឹងជាមុនសិនថា តើទំនាក់ទំនងនេះនឹងវិវត្តន៍ទៅជាយ៉ាងណា ក៏ប៉ុន្តែយើងសង្ឃឹមថា ដៃគូរបស់យើង និងមិត្តជប៉ុន ច្បាស់ជាយល់ពីឧបសគ្គរួមទាំងការព្រួយបារម្ភរបស់ភាគីរុស្ស៊ី»។
គួររំលឹកថាគិតចាប់តាំងពីសង្រ្គាមលោកលើកទី២បញ្ចប់ ជប៉ុន និងរុស្ស៊ី មិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នានៅឡើយទេដោយសារតែរឿងជម្លោះដែនដី នៃទីប្រជុំកោះគូរីលគ្រប់គ្រងដោយរុស្ស៊ី ដែលទាមទារដោយភាគីជប៉ុន៕