(ព្រុចសែល)៖ បញ្ហាប្រឈម «Brexit» របស់នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស លោកស្រី ធឺរីសា មេយ៍ (Theresa May) ត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈពេលដែលមេដឹកនាំបណ្តាប្រទេសដទៃៗទៀតនៃសហភាពអឺរ៉ុប បានធ្វើឬកពារព្រងើយកន្តើយដាក់រូបលោកស្រី នៅក្នុងកិច្ចប្រជុំ EU (European Union) ដ៏សំខាន់មួយដែលបានប្រារព្ធឡើងក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ស្របពេលដែលថ្នាក់ដឹកនាំប្រទេសទាំង ២៧ផ្សេងទៀតបានទទួលស្វាគមន៍គ្នាទៅវិញទៅមកយ៉ាងកក់ក្តៅ តាមរយៈការឱបក៏ដូចជាការថើប នៅមុនកិច្ចប្រជុំចាប់ផ្តើមនោះ ខណៈលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសត្រូវបានគេធ្វើជាមិនរវីរវល់ជាមួយ ដោយទុកលោកស្រីចោលឲ្យនៅឈរតែម្នាក់ឯងគ្មាននរណាម្នាក់និយាយរកឡើយ ហើយក្រោយពីឈរច្រិញច្រុញ និងងាកទៅងាកមកអស់រយៈពេលជាង ១០វិនាទីមក លោកស្រី មេ ក៏បានសម្រេចចិត្តចូលតុអង្គុយតែម្តងទៅ។
គួរបញ្ជាក់ថា ចំពោះមនុស្សជាច្រើនទង្វើនេះ គឺជាសញ្ញាតំណាងឲ្យអាកប្បកិរិយារបស់សហភាពអឺរ៉ុបទាំងមូលចំពោះចក្រភពអង់គ្លេស ដែលបានប្រកាសអំពីការសម្រេចចិត្តដកខ្លួនចេញពីសហភាពអឺរ៉ុបកាលពីខែមិថុនា ហើយជាងនេះទៅទៀត បណ្តាមេដឹកនាំ EU ក៏មិនបានអញ្ជើញលោកស្រី មេ ឲ្យទៅចូលរួមក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចជាមួយពួកគេផងដែរ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំង ២៧រូបអាចពិភាក្សាអំពីគំរោង Brexit ដោយសម្ងាត់បាន។ បន្ថែមពីនេះនៅក្នុងកិច្ចប្រជុំខាងលើ ក៏មិនមានការពិភាក្សាអំពីបញ្ហា Brexit ផងដែរ ដោយបែរទៅផ្តោតសំខាន់លើបញ្ហាវិបត្តិនៃការធ្វើអន្តោប្រវេសន៍វិញ៕