(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតរបស់សភាជុំវិញរឿងអាស្រូវ ឆយ ស៊ូនស៊ីល នឹងមិនអាចចូលឆែកឆេរការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានឡើយបើទោះបីជាពេលនេះ អំណាចរបស់លោកស្រីត្រូវបានគេព្យួរ ដោយប្រគល់ឱ្យលោកនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែលោកស្រីតែមានអំណាចគ្រប់គ្រងវិមានខៀវដដែល (វិមានប្រធានាធិបតីកូរ៉េខាងត្បូង)។ នេះបើតាមមន្ត្រីម្នាក់នៃវិមានប្រធានាធិបតីដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះដដែលបានលើកឡើងដូច្នេះថា «ក្រុមអ្នកស៊ើបអង្កេតមិនអាចចូលឆែឆេរ ការិយាល័យប្រធានាធិបតីបានជាដាច់ខាត ហើយយើងក៏មិនផ្លាស់ប្ដូរគោលជំហរជុំវិញបញ្ហានេះដែរ ខណៈយើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទានាពាក់ព័ន្ធនឹងទីកន្លែងដែលយើងត្រូវជួបពិភាក្សា និងអ្វីដែលយើងត្រូវធ្វើបើសិនជាគណៈកម្មាធិការពិសេសនៃសភាចង់ធ្វើអធិការកិច្ច»។
គួររំលឹកថាកាលពីថ្ងៃសុក្រសប្ដាហ៍មុនសភាកូរ៉េខាងត្បូង បានសម្រេចចិត្តបោះឆ្នោតទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែងជាប្រធានាធិបតី។ ប៉ុន្តែគេត្រូវរង់ចាំការសម្រេចពីតុលាការធម្មនុញ្ញយ៉ាងយូរ ១៨០ថ្ងៃ ដើម្បីកំណត់ថាតើលោកស្រី ផាក គួរតែត្រូវទម្លាក់ចេញពីអំណាច ឬក៏យ៉ាងណា៕