(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហីតូ (Akihito) ក្នុងព្រះជន្ម ៨២ព្រះវស្សា មានព្រះអាការរោគផ្តាសាយនិងគ្រុនក្តៅបន្តិចបន្តួចហើយទ្រង់ក៏បានសម្រេចចិត្តលុបចោលព្រះរាជកិច្ចមួយចំនួន ដែលត្រូវបំពេញនាពេលព្រឹកព្រលឹម នៅក្រោយពេលដែលកាលពីដើមសប្តាហ៍នេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា ព្រះរាជអគ្គមហេសី មីឈីកូ (Michiko) របស់ទ្រង់បានទទួលរងនូវជំងឺរលាកទងសួត។ នេះបើតាមមន្រ្តីនៃទីភ្នាក់ងាររៀបចំកិច្ចការព្រះរាជវាំង ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រះចៅអធិរាជពុំមានគំរោងបំពេញព្រះរាជកិច្ចផ្សេងទៀតនាវេលាថ្ងៃត្រង់ ឬចុងសប្តាហ៍នេះឡើយ ហើយទ្រង់នឹងសម្រាកព្រះកាយនៅក្នុងព្រះរាជវាំង។ ដោយឡែកកាលពីខែសីហាកន្លងទៅព្រះអង្គ អាគីហីតូ បានមានព្រះបន្ទូលថាទ្រង់ព្រួយព្រះទ័យថា ព្រះជន្មរបស់ព្រះអង្គប្រហែលជាអាច បង្កភាពលំបាកដល់ទ្រង់ក្នុងការបំពេញព្រះរាជកិច្ច ដែលការលើកឡើងបែបនេះរបស់ព្រះចៅអធិរាជ ត្រូវបានមជ្ឈដ្ឋានសាធារណៈយល់ឃើញថា ទ្រង់មានព្រះរាជបំណងចង់ដាក់រាជ្យទៀតផង ខណៈវាជារឿងពុំធ្លាប់កើតមាននៅក្នុងសម័យកាលដ៏ទំនើបរបស់ជប៉ុន និងមិនអាចទៅរួចនៅក្រោមច្បាប់បច្ចុប្បន្ននៃប្រទេសនេះឡើយ។
ជុំវិញបញ្ហារាជ្យសម្បត្តិនេះដែរ សព្វថ្ងៃគេបានសង្កេតឃើញថាមានព្រះរាជទាយាទជាព្រះបុត្រាចំនួនបួនអង្គ ដោយរួមបញ្ចូលទាំងព្រះរាជបុត្រា ហ៊ីសាហ៊ីតូ (Hisahito) វ័យ១០ឆ្នាំ ដែលជាចៅតែមួយអង្គគត់របស់ព្រះចៅអធិរាជ។ ចំណែកឯបីអង្គផ្សេងទៀតជាចាស់ទុំវិញរួមមាន ប្អូនប្រុសបង្កើតរបស់ព្រះចៅអធិរាជនិងព្រះរាជបុត្រពីរអង្គរបស់ទ្រង់ ដោយក្នុងនោះរួមទាំងព្រះបុត្រាស្នងរាជ្យ ណារូហីតូ (Naruhito) ផងដែរ។
គួរបញ្ជាក់ថាព្រះចៅអធិរាជ អាគីហីតូ ដែលធ្លាប់បានទទួលការវះកាត់បេះដូង និងទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតនោះ ក៏ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺគ្រុនផ្តាសាយកំរិតធ្ងន់ថែមទៀតផងកាលពីខែកុម្ភៈ ឆ្នាំ២០១៦នេះ។ រីឯព្រះអគ្គមហេសី មីឈីកូ មានព្រះជន្ម៨២ព្រះវស្សាដូចគ្នា ត្រូវបានក្រុមគ្រូពេទ្យពិនិត្យរកឃើញថា មានជំងឺរលាកទងសួតផងដែរ ប៉ុន្តែទ្រង់បានជាសះ ស្បើយវិញហើយ និងបានត្រឡប់ទៅបំពេញព្រះរាជកិច្ចជាធម្មតា៕