(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប បានឈានដល់ការឯកភាពគ្នាក្នុងការអូសបន្លាយពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចរយៈពេល ០៦ខែទៀត ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ សម្រាប់ការលូកដៃចូលក្នុងជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយព្រមពេលជាមួយគ្នា ប្រទេសមួយចំនួនជាសមាជិកសហភាពអឺរ៉ុបបានទទូចថាការបន្តដាក់ទណ្ឌកម្មនេះ គួរតែមានរយៈពេល១២ខែ ដោយសារតែពួកគេខ្លាចក្រែងអនាគតប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ងាកទៅចាប់ដៃ ឬក៏បន្ធូរបន្ថយការដាក់សម្ពាធទៅលើរុស្ស៊ី។ នេះបើតាមប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស (Donald Tusk) ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ទោះយ៉ាងណាក៏ដោយ ជុំវិញការសម្រេចចិត្តនេះដែរអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានថ្លែងថា «ការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិភាគពីស្ថានភាពបច្ចុប្បន្ន ពោលគឺមិនមានជាប់ពាក់ព័ន្ធនឹងអ្វីដែលប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ មានគំរោងនឹងធ្វើនោះឡើយ»។ ចំណែកឯប្រធានាធិតីបារំាង ក៏បានអំពាវនាវផងដែរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គោរពនិងអនុវត្តន៍តាមកិច្ចព្រមព្រៀងទីក្រុង Minsk ក្នុងគោលបំណងបញ្ចប់ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបានបំពុលទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុបនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថាការបន្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប នឹងត្រូវដាក់ឱ្យអនុវត្តនៅសប្ដាហ៍ក្រោយនេះដោយផ្ដោតសំខាន់ទៅលើវិស័យការពារជាតិ ថាមពល និងហិរញ្ញវត្ថុ ខណៈទណ្ឌកម្មបច្ចុប្បន្ននឹងត្រូវអស់សុពលភាពនៅខែមករា ឆ្នាំ២០១៧៕