(វ៉ាស៊ីនតោន)៖ នៅក្នុងការព្រមានធ្ងន់ៗដោយចង់សំដៅចំពោះអនាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងដាច់ខាតនឹងមិនធ្វើការចរចាណាមួយជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះឡើយ ជុំវិញបញ្ហាពាក់ព័ន្ធនឹងដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនលំដាប់កំពូលៗនៅអាមេរិក លោកអគ្គរដ្ឋទូត គុយ ទានខៃ (Cui Tiankai) បានសង្កត់ធ្ងន់ថា «ចិននិងអាមេរិកចាំបាច់ត្រូវតែធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយភាគីទាំងសងខាងមិនគួរធ្វើអ្វីដែលប៉ះពាល់ ឬអាចបំផ្លាញគោលការណ៍នយោបាយនៃទំនាក់ទំនងចិន-អាមេរិកនេះដែរ ដោយផ្ទុយទៅវិញគួរតែគោរពតាម និងថែរក្សាការពារ»។
លោក ទានកៃ បានបន្តដូច្នេះទៀតថា «រីឯក្បួនច្បាប់មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនេះគួរតែត្រូវបានឃ្លាំមើលឲ្យបានដិតដល់ ដោយមិនត្រូវព្រងើយកន្តើយដាក់បានឡើយ ដែលជាពិសេសទៅទៀតនោះ គឺមិនត្រូវចាត់ទុកថាជារបស់ដែលអាចចរចា ឬសម្រួបសម្រួលគ្នាវិញនោះទេ ហើយវាពិតប្រាកដណាស់ថា ដែនអធិបតេយ្យភាពជាតិ រួមនិងបូរណភាពទឹកដី ពុំមែនជារបស់ដែលអាចតថ្លៃគ្នាបានជាដាច់ខាត ដោយខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងយល់អំពីបញ្ហានេះ»។
គួរបញ្ជាក់ថា លោកអគ្គរដ្ឋទូតចិនរូបនេះ មិនបានលើកឡើងចំៗសំដៅលើកោះតៃវ៉ាន់ ឬមួយក៏ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនដែលបានថ្លែងថា សហរដ្ឋអាមេរិកមិនចាំបាច់ត្រូវតែនៅបន្តតោងជាប់នឹង «គោលនយោបាយចិនតែមួយ» ដែលចាត់ទុកកោះតៃវ៉ាន់ថាគ្រាន់ជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះឡើយ ប៉ុន្តែការលើកឡើងរបស់លោក ទានខៃ គឺត្រូវគ្នាជាមួយ នឹងប្រតិកម្មរបស់ក្រសួងការបរទេសចិនដែលបានចាត់ទុក «គោលនយោបាយចិនតែមួយ» ជាគោលការណ៍នយោបាយស្នូលសំខាន់បំផុតសម្រាប់ចំណងទាក់ទងរវាងមហាអំណាចទាំងពីរ៕