(វ៉ាស៊ីនតោន)៖ «យើងត្រូវតែធ្វើសកម្មភាព ហើយយើងនឹងប្រឆាំងរុស្ស៊ីសម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក»។ នេះគឺជាការលើកឡើងរបស់ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិ National Public Radio (NPR) ដែលចុះផ្សាយបន្តដោយទីភ្នាក់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ប្រតិកម្មរបស់លោក អូបាម៉ា ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបីរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យទីភ្នាក់ស៊ើបការណ៍សំងាត់របស់លោកចូល Hack លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា។ ជាងនេះទៅទៀត សូម្បីតែទីភ្នាក់ងារចារកិច្ចអាមេរិក CIA ក៏បានសន្និដ្ឋាននៅក្នុងរបាយការណ៍របស់ខ្លួនដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក តាមរយៈការ Hack ទិន្នន័យបុគ្គល និងស្ថាប័នមួយចំនួនក្នុងនោះរួមទាំង មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យដើម្បីជួយលោក ដូណាល់ ត្រាំ ឱ្យអង្គុយកៅអីជាប្រធានាធិបតីអាមេរិក។
ជុំវិញបញ្ហានេះដែរថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ NPR លោក អូបាម៉ា បានលើកឡើងដូច្នេះថា «វាគ្មានការសង្ស័យទៀតទេ នៅពេលរដ្ឋាភិបាលបរទេសមួយបានព្យាយាមធ្វើឱ្យប៉ះពាល់ដល់សុច្ចរិតភាពនៃបោះឆ្នោតរបស់យើង [....] យើងត្រូវតែធ្វើប្រតិកម្មឆ្លើយតប ហើយយើងនឹងធ្វើវាឲ្យសម្រេច។ ចំណែកឯលោក ពូទីន ក៏បានដឹងពីអារម្មណ៍របស់ខ្ញុំដែរ ព្រោះខ្ញុំបាននិយាយដោយផ្ទាល់ទៅកាន់ រូបលោកស្ដីពីប្រធានបទនេះ»។
គួររំលឹកថារដ្ឋាភិបាលរុស្ស៊ីរួមទាំង លោក ដូណាល់ ត្រាំ សុទ្ធតែបានច្រានចោលការចោទប្រកាន់នេះ ខណៈសហគមន៍ស៊ើបការណ៍សំងាត់អាមេរិក ក៏បានច្រានចោលរបាយការណ៍ របស់ CIA ផងដែរ ក្រោមហេតុផលគ្មានភស្ដុតាងគ្រប់គ្រាន់៕