(មូស្គូ)៖ អនុរដ្ឋមន្រ្តីការពារជាតិនៃប្រទេសរុស្ស៊ី បានអះអាងថា ការអភិវឌ្ឍកងកម្លាំងប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្រ្តរុស្ស៊ី (SNF) នៅក្នុងឆ្នាំ២០១៧ នឹងត្រូវបង្កើនឲ្យដល់កំរិតមួយ ដែលធានាបានថាពុំមានការឈ្លានពានណាមួយ ហ៊ានធ្វើឡើងមកលើប្រទេសរុស្ស៊ីនោះឡើយនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងជំនួបជាមួយបណ្តាមន្រ្តីបេសកជនយោធាបរទេសលោក វ៉ាលើរី ចឺរ៉ាស៊ីម៉ូវ (Valery Gerasimov) បានលើកឡើងដូច្នេះថា «នៅក្នុងឆ្នាំ២០១៧ខាងមុខយើងនឹងបន្តការអភិវឌ្ឍនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយពួកយើងនឹងផ្តោតការយកចិត្តដាក់ជាពិសេស ទៅលើការបង្កើនសមត្ថភាពនៃកងកម្លាំង SNF ឲ្យដល់កំរិតមួយដែលអាចធានាបានថាបច្ចាមិត្តទាំងឡាយ ដែលមានបំណងឈ្លានពានប្រឆាំងសហព័ន្ធរុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ នឹងញញើតមិនហ៊ានសូម្បីតែគិត»។
គួរបញ្ជាក់ដែរថាមេបញ្ជាការកងកម្លាំងប្រើប្រាស់មីស៊ីលជាយុទ្ធសាស្រ្ត (SMF) លោកឧត្តមសេនីយ៍ឯក ស៊ីហ្គៃ ការ៉ាកាយេវ (Sergey Karakayev) ក៏បានគូសបញ្ជាក់ផងដែរថា កងកម្លាំង SNF (Strategic Nuclear Forces) គឺជាអ្នកធានា និងការពារសន្តិសុខជាតិក៏ដូចជាឯករាជ្យភាពនៃគោលនយោបាយរបស់ប្រទេសរុស្ស៊ី នៅចំស្ថានភាពភូមិសាស្រ្តនយោបាយដ៏ក្តៅគគុកដូចសព្វថ្ងៃនេះ៕